ក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំ១នៅប្រទេសវៀតណាមជាប់សង្ស័យពីបទឆបោកអតិថិជនជាង៤ម៉ឺន ២ពាន់នាក់នៅក្នុងគម្រោងទិញ-លក់មូលប័ត្របំណុល។ ទំហំទឹកប្រាក់នៅក្នុងការឆបោកនេះគឺ១ពាន់ ២រយលានដុល្លារ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់រដ្ឋាភិបាលវៀតណាម។ សមត្ថកិច្ចកំពុងជំរុញឱ្យជនរងគ្រោះដោយសារអំពើឆបោកនេះចូលរួមសហការឱ្យបានពេញទំហឹងជាមួយអាជ្ញាធរដើម្បីបន្តការស៊ើបអង្កេតទៅលើសំណុំរឿងនេះ។
ក្រុមហ៊ុនឈ្មោះវ៉ាន់ធិញហ្វាត (Van Thinh Phat) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតជាប់សង្ស័យពីបទលក់មូលប័ត្របំណុលខុសច្បាប់ទៅឱ្យអ្នកដែលចង់បានប្រាក់ចំណេញពីការវិនិយោគតាមរូបភាពនេះ។ ពួកគេអាចទិញយកទៅទុកដើម្បីបានការប្រាក់ខ្ពស់នៅពេលក្រោយ។ តាមពិត ការឆបោកតាមបែបដាក់ប្រាក់វិនិយោគបានការប្រាក់ច្រើននេះជាល្បិចដដែលៗទេ។ គ្រាន់តែថាវិធីនេះនៅតែមានប្រសិទ្ធភាពព្រោះមនុស្សស្រើបស្រាលនឹងការទទួលបានប្រាក់ចំណេញយ៉ាងងាយស្រួល។
នៅក្នុងល្បិចឆបោកនៅវៀតណាមនោះ ក្រុមឆបោកប្រកាសលក់មូលប័ត្របំណុលចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ដើម្បីប្រមូលលុយពីប្រជាពលរដ្ឋដែលចង់ទិញមូលប័ត្រនេះ។ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតអំពើពុករលួយ និងបទល្មើសសេដ្ឋកិច្ច លោកង្វៀនវ៉ាន់ថាញ់ (Nguyen Van Thanh) ស្នើសុំឱ្យអ្នកចាញ់បោកនៅក្នុងគម្រោងវិនិយោគខ្យល់នេះជួយសហការជាមួយសមត្ថកិច្ចដោយដាក់ដាក់តម្កល់ឯកសារពាក់ព័ន្ធផ្សេងៗដើម្បីពន្លឿននីតិវិធីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។
លោកថាញ់ថ្លែងថាអ្នកចាញ់បោកគេទាំងជាង៤ម៉ឺននាក់នោះមានសិទ្ធិដើម្បីទទួលបានការការពារដោយអាជ្ញាធរ និងច្បាប់ជាធរមាន។ សេចក្ដីប្រកាសរបស់រដ្ឋាភិបាលធ្វើឡើងក្រោយការចាប់ខ្លួនជនសង្ស័យឈ្មោះទ្រឿងមីឡាន (Truong My Lan) ដែលជាអគ្គនាយិការក្រុមហ៊ុនវ៉ាន់ធិញហ្វាតគ្រុប (Van Thinh Phat Group) កាលពីខែតុលា ឆ្នាំ២០២២។
នៅពេលនេះ សមត្ថកិច្ចវៀតណាមកំពុងបើកប្រតិបត្តិការស៊ើបអង្កេតស្ត្រីឈ្មោះទ្រឿងមីឡាន និងបក្សពួក៣នាក់ទៀតដែលជាប់សង្ស័យពីបទឆបោក។ ក្រុមហ៊ុនវ៉ាន់ធិញហ្វាតបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលមានមុខជំនួញធំៗដូចជាការបើកសណ្ឋាគារលំដាប់ខ្ពស់ៗ ភោជនីយដ្ឋាន ផ្ទះល្វែងប្រណីត។ ក្រុមហ៊ុននេះក៏រកស៊ីខាងវិស័យហិរញ្ញវត្ថុផងដែរ។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថារដ្ឋាភិបាលវៀតណាមចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើមន្ត្រីពុករលួយដែលឃុបឃិតជាមួយឈ្មួញខិលខូច និងអ្នកវិនិយោគគ្រាក់ៗមួយចំនួនដែលមានអ្នកធំកាងនៅពីក្រោយខ្នង។ កាលពីខែមីនា ឆ្នាំ២០២២, អាជ្ញាធរចាប់ខ្លួនជនសង្ស័យឈ្មោះទ្រិញវ៉ាន់គូយេត (Trinh Van Quyet) ជាអ្នកវិនិយោគ និងជាអគ្គនាយកក្រុមហ៊ុនអែហ្វអិលស៊ីគ្រុប (FLC Group) ដែលរកស៊ីខាងបើកដំណើរការតំបន់រមណីយដ្ឋាន, ទីលានវាយកូនគោល និងក្រុមហ៊ុនអាកាសចរណ៍បេមប៊ូ អ៊ែវេ (Bamboo Airway)។ គាត់ជាប់សង្ស័យពីបទកែប្រែតម្លៃភាគហ៊ុនស្រេចតែនឹងចិត្ត៕
ប្រភព៖ Channel News Asia និងប្រភពដទៃទៀត
https://www.channelnewsasia.com/asia/vietnam-property-developer-bond-scam-investors-police-investigations-3816996














ចែករំលែកព័តមាននេះ