ថ្មីៗនេះអាជ្ញាធរវៀតណាមវាយកម្ទេចអគារ និងផ្ទះវីឡាធំជង្គ្រឹងៗរាប់សិបកន្លែងដែលសាងសង់ខុសច្បាប់នៅលើកោះត្រល់ ឬហៅតាមភាសាវៀតណាមថាកោះភូកុក (Phú Quốc)។ វីឡាទាំងនេះស្ថិតនៅក្នុងចំណោមផ្ទះ៧៩កន្លែងដែលសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ និងម៉្យាងទៀតសាងសង់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នជំនាញ។
ផ្ទះវីឡាទាំងនេះចាប់ផ្ដើមសាងសង់កាលពី៥ឆ្នាំមុន។ កាលនោះ តម្លៃអចលនទ្រព្យនៅលើកោះភូកុកហក់ឡើងខ្ពស់កប់ពពក។ នៅពេលឱកាសល្អមកដល់ គួបផ្សំនឹងប្រទេសវៀតណាមកំពុងបិទខ្ទប់ និងរក្សាគំលាតនៅអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, ក្រុមហ៊ុនម៉ៅការសាងសង់ក៏ពន្លឿនការសាងសង់ទាំងបំពាន និងទាំងលួចលាក់រហូតដល់ចប់សព្វគ្រប់។
ផ្ទះវីឡានីមួយៗសាងសង់នៅលើផ្ទៃដីចន្លោះពី២០០ទៅ៣៥០ម៉ែត្រការ៉េ និងបំពាក់សម្ភារៈ១កំផ្លេ មានតាំងពីទឹក និងភ្លើង។ ផ្ទះទាំងនោះស្ថិតនៅតាមផ្លូវបេតុង១ខ្សែ។ អាជ្ញាធរនៅលើកោះភូកុកប្រាប់ថាពួកគេកោះហៅអ្នកម៉ៅការសំណង់ជាច្រើនលើកច្រើនសាដើម្បីនិយាយក្រើនរម្លឹកប្រាប់ពួកគេអំពីបញ្ហាខុសឆ្គង។ ប៉ុន្តែពួកគេធ្វើព្រងើយៗ។ ក្រោយមក នៅខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរវាយកម្ទេចផ្ទះវីឡា២កន្លែង។ ផ្ទះវីឡាដទៃទៀតត្រូវប្រើប្រាស់ពេលវេលាវាយកម្ទេចរហូតដល់ជិតមួយឆ្នាំ។
អាជ្ញាធរទើបតែរកឃើញភាពមិនប្រក្រតីនៃការធ្វើផ្ទះវីឡាទាំង៧៩កន្លែងនេះបន្ទាប់ពីពួកគេបញ្ជូនមនុស្ស១ក្រុមទៅធ្វើអធិការកិច្ចដើម្បីចង់ដឹងថាតើនរណាខ្លះចាប់ដីរដ្ឋ និងដីព្រៃនៅលើកោះនេះតាំងពីដើមឆ្នាំ២០២២។ គេរកឃើញថាមានករណីចាប់ដីរដ្ឋ និងដីព្រៃ២ពាន់ ៣រយករណី។ ក្រោយការស៊ើបអង្កេតរយៈពេលជិត១ឆ្នាំ, ក្រុមអ្នកអធិការកិច្ចរកឃើញថាមានការចាប់ដីរដ្ឋ៧៤៤ករណីដែលប្រើប្រាស់សម្រាប់ធ្វើផ្ទះដោយគ្មានការអនុញ្ញាតនៅលើផ្ទៃដីសរុបជាង២រយហិចតារ។
ក្រៅពីនេះ, មានការចាប់ដី៩៨៦ករណីនៅលើដីព្រៃជាង២រយហិកតារ។ កាលពីខែសីហា, ក្រុមអធិការកិច្ចរិះគន់អ្នកគ្រប់គ្រងកោះភូកុកដែលបណ្ដោយឱ្យមានការទន្ទ្រាន ឬរំលោភយកដីរដ្ឋ។ ក្រុមអធិការកិច្ចក៏រិះគន់អតីតអ្នកគ្រប់គ្រងធនធានធម្មជាតិនៅលើកោះនេះផងដែរ។ នៅក្នុងវាយកម្ទេចផ្ទះវីឡា១៤កន្លែងកាលពីថ្ងៃចន្ទ, អាជ្ញាធរប្រើប្រាស់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ៩គ្រឿង និងក្រុមការងារ១រយនាក់។
ផ្ទះទាំងនេះហ៊ុមព័ទ្ធដោយរបងថ្ម សួនច្បារ និងទឹក-ភ្លើង១កំផ្លេ។ ផ្ទះវីឡានីមួយៗមានតម្លៃ១ពាន់លានដុង ឬស្មើនឹង៤ម៉ឺន ១ពាន់ដុល្លារ។ មុនពេលវាយកម្ទេចផ្ទះវីឡាទាំងនោះ, អាជ្ញាធរបានបិទប្រកាសនៅមុខផ្ទះដែលមានសេចក្ដីជាអាទិ៍ថា «ផ្ទះនេះត្រូវតែវាយកម្ទេចចោលដើម្បីយកដីមកសងឱ្យរដ្ឋវិញ»។ ផ្ទះវីឡាខ្លះត្រូវម្ចាស់ទិញទុកចោល និងបន្សល់ទុកឆ្កែ២ក្បាលដើម្បីទុកឱ្យព្រូស និងចាំផ្ទះ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/phu-quoc-dismantles-more-illegal-villas-on-public-land-4654531.html
https://e.vnexpress.net/photo/news/14-houses-built-on-public-lands-demolished-in-phu-quoc-4654609.html








ចែករំលែកព័តមាននេះ