រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះ ជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាព ឲ្យបានសម្រេចលទ្ធផលជាក់ស្តែង តាមការសន្យា ពោលគឺមិនមែននិយាយហើយ តែធ្វើមិនបាននោះឡើយ ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិ បាលបានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ ។
ឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកទី២ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សា និងអនុម័ត របាយការណ៍វឌ្ឍភាព នៃការរៀបចំយន្តការ អនុវត្តគោលនយោបាយអាទិភាព ទាំង៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ២០២៣ ។
បើតាមអ្នកនាំពាក្យ គូសបញ្ជាក់ថា ៖ «សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះ ជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែង តាមការសន្យា ពោលគឺមិនមែននិយាយហើយ តែធ្វើមិនបាននោះឡើយ»។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា សរុបមក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលទទួលបានផលមុនគេ ។
ជាមួយគ្នានោះដែរ ឯកឧត្តមអ្នកនាំពាក្យ បានឲ្យដឹងថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ឆ្នាំ២០២៣-២០២៨) ដែលមានចែង ក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី២ លើកយកមកពិភាក្សា និងអនុម័ត។ ហើយសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ ដែលជាស្នូល នៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏ត្រូវបានពិភាក្សា និងអនុម័តរួចរាល់ដែរ ។
ឯកឧត្តមបន្ថែមថា កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាគោលនយោបាយ លើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្នុងនោះ មានអាទិភាព ៦យ៉ាង ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឲ្យអនុវត្តភ្លាមៗ ចាប់ពីឆ្នាំ ២០២៣ នេះតទៅ ៕
«ដឹងច្បាស់ហើយ! កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាលថ្មី ត្រូវប្រកាសអនុវត្តមុនដំណាច់ឆ្នាំ២០២៣ នេះ»




ចែករំលែកព័តមាននេះ