ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានសម្រេចថា កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាលថ្មី ត្រូវប្រកាសអនុវត្តមុនដំណាច់ឆ្នាំ២០២៣ នេះ។ មកទល់ពេលនេះ យន្តការសម្រាប់អនុវត្តកម្មវិធីទាំង ៦ចំណុចនេះ ត្រូវបានរៀបចំរួចស្រេចបាច់ហើយ។
សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានលើកបង្ហាញនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖
កម្មវិធីទី១ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
កម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។
កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
កម្មវិធីទី៤ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
កម្មវិធីទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។
សេចក្តីប្រកាស បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ខាងលើ ជាបន្តបន្ទាប់ មុនដំណាច់ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលក្នុងនោះ កម្មវិធីទី១ និងទី២ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីទី៣ គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កម្មវិធីទី៤ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីទី៥ និងទី៦ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីប្រកាស ក៏បានបញ្ជាក់ថា របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ២០២៣ ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕










ចែករំលែកព័តមាននេះ