ទីក្រុងបាងកក៖ ថ្ងៃនេះ លោកអនុទីន ចាន់វីរ៉ាគល់ ដែលជាអ្នកនយោបាយជើងចាស់ និងទទួលជោគជ័យក្នុងការធ្វើឱ្យគ្រឿងញៀនទៅជាស្របច្បាប់នោះ ថ្ងៃនេះលោកបានក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិហើយបន្ទាប់ពីទទួលបានព្រះរាជចំណារតែងតាំងពីព្រះមហាក្សត្រ។ ពោលគឺការស្បថចូលកាន់តំណែងនេះកើតឡើង២ថ្ងៃក្រោយពេលលោកជាប់ឆ្នោតនៅរដ្ឋសភា។
លោកអនុទីនបានទទួលចុតហ្មាយ (សំបុត្រ ឬលិខិត) តែងតាំងជានាយករដ្ឋមន្ត្រីនៅឯពិធីមួយរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់គណបក្សភូមិចៃថៃនៃទីក្រុងបាងកក។ ពិធីតែងតាំងនោះចូលរួមដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សនានាដែលត្រៀមចូលបម្រើការនៅក្នុងរដ្ឋាភិបាលថ្មី។ ពួកគេស្លៀកពាក់ឈុតពណ៌សដែលជាទំនៀមទម្លាប់នៅក្នុងពិធីជាផ្លូវការ។
អនុទីនសន្យាថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើកំណែទម្រង់រាជរដ្ឋាភិបាលថ្មីដោយភក្ដីភាព និងដើរនៅលើមាគ៌ាដ៏ត្រឹមត្រូវដើម្បីបានជាប្រយោជន៍របស់ប្រជារាស្ត្រថៃ និងជាប្រយោជន៍នៃស្ថិរភាពជាតិ។ សូមរំលឹកថាកាលពីថ្ងៃសុក្រ លោកអនុទីនទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សប្រជាជនដើម្បីបោះឆ្នោតគាំទ្រលោកឱ្យក្លាយជានាយករដ្ឋមន្ត្រី។
ថ្វីដ្បិតគណបក្សនេះជួយឱ្យលោកអនុទីនជាប់ឆ្នោតមែន ប៉ុន្តែពួកគេមិនចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះទេ, សុខចិត្តធ្វើជាគណបក្សប្រឆាំងបន្តទៀត។ ពួកគេសង្ឃឹមថាអាចប្រើ «យុទ្ធសាស្ត្រចងជើង» លោកអនុទីនដែលនឹងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចនៅរដ្ឋសភា។ ជាថ្នូរនឹងការបោះឆ្នោតគាំទ្រលោកអនុទីន គណបក្សប្រជាជនបានទទួលការសន្យាដោយប្រាកដប្រជាពីលោកអនុទីនថានឹងរំលាយរដ្ឋសភានៅក្នុងអំឡុងពេល៤ខែក្រោយការបង្កើតរដ្ឋាភិបាល។
លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះបង្ហាញថាប្រជារាស្ត្រថៃភាគច្រើនចង់ឃើញការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយមិនចាំបាច់ពន្យារពេលវែងឆ្ងាយតទៅទៀតឡើយ។ មានន័យថាពួកគេមិនចង់រង់ចាំដល់បួនខែដូចអ្វីដែលគណបក្សភូមិចៃថៃ និងគណបក្សប្រជាជនឯកភាពគ្នានៅក្នុងការចុះអនុស្សារណៈនោះទេ។
ការស្ទង់មតិដដែលនោះបង្ហាញថាប្រជារាស្ត្រថៃចង់ឃើញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់ចំណុចណាដែលគួរធ្វើ។ មានន័យថាពួកគេមិនចង់ផ្លាស់ដូររដ្ឋធម្មនុញ្ញទាំងស្រុងទេ។ នៅក្នុងចំណោមអ្នកចូលរួមស្ទង់មតិនោះ ជាង៥៩%ប្រាប់ថារដ្ឋសភាគួរណាស់រំលាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ជាង២៧%ប្រាប់ថាពួកគេគាំទ្រ៤ខែទៀតចាំរំលាយ, ជាង៩%ប្រាប់ថាគួរបណ្ដោយឱ្យសភាសុពលភាពរហូតដល់ផុតអាណត្តិឆ្នាំ២០២៧, ជាង២%ប្រាប់ថាគួររង់ចាំកន្លះឆ្នាំទៀតចាំរំលាយ, ០,៩២%ប្រាប់ថាគួររង់ចាំមួយឆ្នាំទៀតចាំរំលាយ និង០,៦១%ប្រាប់ពួកគេមិនសូវដឹងរឿងនយោបាយ ឬមិនសូវខ្វល់រឿងនយោបាយទេ ទោះបីទៅជាយ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ។ នេះបើយោងតាមប្រភពពីបាងកកប៉ុស្តិ៍, អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ