រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តទ្រុងឃ្លុបបិទជិត ១គ្រឿង បុកម៉ូតូ១គ្រឿង នៅត្រង់ចំណុចភ្លើងស្តុបមួយកន្លែងពេញទំហឹង និងអូសជាង១០ម៉ែត្រ បណ្ដាលឲ្យយុវតី ដែលជាសិស្សវិទ្យាល័យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯក្មេងប្រុសជំទង់ម្នាក់ទៀត អាយុស្រកគ្នា ជាអ្នកលក់សម្លៀកបំពាក់នៅផ្ទះ រងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ត្រង់ចំណុចភ្លើងស្តុបតាំងរនាម កែងផ្លូវបេតុងលេខ៤២ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនោះឈ្មោះ ថន ចាន់ណារ៉ា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ រៀននៅវិទ្យាល័យបឹងធំ នាងមានទីលំនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយឡែកអ្នកឌុប ហើយរងរបួសធ្ងន់ឈ្មោះ ម៉ាន ពន្លឺ អាយុ១៧ឆ្នាំដូចគ្នា មានមុខរបរលក់សម្លៀកបំពាក់នៅផ្ទះ ស្ថិតនៅក្នុងភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល ។ អ្នកទាំង២ត្រូវរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-9205 បើកបរដោយបុរសឈ្មោះ តុលា អាយុជាង៣០ឆ្នាំ ។
តាមសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើជនេរងគ្រោះទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៍សលាយលឿង អត់ស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមផ្លូវលេខ៤២ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបលោតពណ៌ក្រហមទៅហើយ ប៉ុន្តែអ្នកទាំង២ មិនព្រមឈប់សិននោះទេ បានបន្តដំណើរទៅមុខបំពានភ្លើងស្តុប ។
សាក្សីដដែល បាននិយាយទៀតថា ខណៈនោះក៏ត្រូវរថយន្ត១គ្រឿងខាងលើ បើកបរធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូងលឿនទៅដល់បុកពេញទំហឹង និងអូសជាង១០ម៉ែត្រ។ បណ្ដាលឲ្យយុវតីខាងលើស្លាប់ភ្លាមៗ រីឯក្មេងប្រុសជំទង់ ដែលជាអ្នកឌុបរងរបួសធ្ងន់ បន្ទាប់មកក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកអ្នករបួសទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ប្រភពខាងលើ បានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងតាមជំនាញ។ បន្ទាប់មក នាំយកអ្នកបើកបររថយន្ត ព្រមទាំងរថយន្ត និងម៉ូតូទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ហើយប្រគល់សពយុវតីខាងលើឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ