រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញ ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។
ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ ។
ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ ៕

ចែករំលែកព័តមាននេះ