រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Swakopmund ប្រទេសណាមីប៊ី ។
កិច្ចប្រជុំនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីចែករំលែក នូវចំណេះដឹង ទស្សនាទាន និងបទពិសោធទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗ នៃសេដ្ឋកិច្ចសាកល បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងទិសដៅជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់ ។
ស្របពេលជាមួយគ្នានេះ វេទិកាគោលនយោបាយសកលសម្រាប់ឆ្នាំនេះ ផ្តោតលើប្រធានបទស្តីពី “ការលើកកម្ពស់សិទ្ធិអំណាចសង្គម និងជំរុញកំណើនតាមរយៈបរិយាបន្នហិរញ្ញវត្ថុ” ដោយមានអ្នកចូលរួមសរុបប្រមាណ ៨០០រូប ដែលជាថ្នាក់ដឹកនាំធនាគារកណ្តាល អាជ្ញាធរត្រួតពិនិត្យ អាជ្ញាធរបរិយាបន្នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកពីស្ថាប័នចំនួន ៩០ នៃប្រទេសចំនួន ៨៤ នៅគ្រប់ទ្វីបទាំងអស់ ។
នាឱកាសនោះ លោកជំទាវ ទេសាភិបាល ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល AFI ដើម្បីពិនិត្យនិងសម្រេចលើឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ AFI ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀតផងដែរ ។
ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីចំនួន ២ រួមមាន ៖ ទី១/ AFI Engage ដោយបានចែករំលែកពីបទពិសោធនៃភាពជាអ្នកដឹកនាំ ដល់អ្នកដឹកនាំវ័យក្មេងរបស់ប្រទេសមួយចំនួន ដែលជាសមាជិករបស់ AFI និងទី២/ Inclusive Policy Studio (IPS) ដោយបានចែករំលែកនូវបទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ។
គួររំលេចផងដែរថា AFI គឺជាស្ថាប័នពិភពលោក ដែលឈានមុខក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ និងត្រូវបានដឹកនាំដោយបណ្តាសមាជិកដែលជាធនាគារកណ្តាល និងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ ៕









ចែករំលែកព័តមាននេះ