ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប៉ុនប៉ង​មនុស្សឃា.ត​ បែរជា​លោក​មេ​ប៉ុ​ស្ដិ៍​ជម្រុញ​ឱ្យ​ភាគី​ទាំង​០២​ស​ម្រួល​បញ្ចប់រឿង​ក្រៅច្បាប់

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ករណី​ជន​មួយ​ក្រុម​ពូន​ស្ទាក់​កាប់ និង​បាញ់​ដោយ​ជំ​ពាម​កៅស៊ូ​ទៅ​លើ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​ខ្នង​ដែល​មន្ត្រី​នានា​ចាត់ទុកជា​បទ​«​ល្មើស​ព្រហ្មទណ្ឌ​» ត្រូវ​បាន​លោក​មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ស្ដីទី​ម្នាក់ ជម្រុញ​ឱ្យ​​ភាគី​ទាំង​ពីរ​សម្រប​ស​ម្រូ​ល​បញ្ចប់រឿង កាលពី​ល្ងាច​ថ្ងៃ​ទី ០៥ កញ្ញា…

ខេត្តបាត់ដំបង​ ៖ ករណី​ជន​មួយ​ក្រុម​ពូន​ស្ទាក់​កាប់ និង​បាញ់​ដោយ​ជំ​ពាម​កៅស៊ូ​ទៅ​លើ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​ខ្នង​ដែល​មន្ត្រី​នានា​ចាត់ទុកជា​បទ​«​ល្មើស​ព្រហ្មទណ្ឌ​» ត្រូវ​បាន​លោក​មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ស្ដីទី​ម្នាក់ ជម្រុញ​ឱ្យ​​ភាគី​ទាំង​ពីរ​សម្រប​ស​ម្រូ​ល​បញ្ចប់រឿង កាលពី​ល្ងាច​ថ្ងៃ​ទី ០៥ កញ្ញា ដែល​ទំនង​មិន​បាន​សុំ​គោល​ការ​ណ៍​ថ្នាក់លើ ឬ​ស្នើ​សុំ​យោបល់​តំណាង​អយ្យការ​មួយ​ម៉ាត់​ឡើយ ​។

​បើ​តាម​ព័​ត៌​មាន​ដែល​កោះសន្តិភាព​ទ​ទូល​បាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៤ កញ្ញា ត្រង់​ចំណុច​«​ស្ពាន​បឹង​ច្រមុះ​» ដែល​ជា​កន្លែង​ស្ងាត់ ស្ថិត​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ ជន​រង​គ្រោះ​ដែល​រង​ការ​ប៉ុនប៉ង​សម្លាប់​ពី​ក្រុម​ជន​ដៃដល់​ឈ្មោះ ហេង ជា​ដា​រ៉ា​វង្ស ភេទប្រុស​ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​បាញ់​ឲ្យ​រង​របួស​ខ្នង ត្រង់​ឆ្អឹងជំនី​រខាងស្ដាំ ដែល​គេ​សង្ស័យ​បាញ់​ដោយ​ជំ​ពាម​កៅស៊ូ ប្រើ​គ្រាប់​បា​ដាង​កង់​ ។

នៅ​ក្នុង​ហេតុ​ការ​ណ៍​ស្ទាក់​បាញ់​ប្រហារ​ «​ប៉ុនប៉ង​មនុស្សឃាត​»​ នេះ បើ​តាម​គេ​ស្រង់​សម្ដី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ មុន​ពេល​កើតហេតុ មិត្តភក្ដិ​ខ្លួន​ឈ្មោះ ខួច បាន​ជិះ​ម៉ូតូ​មក​ឌុ​ប​ខ្លួន​ពី​ផ្ទះ តែ​មិន​បាន​ប្រាប់​ថា ទៅ​ណា​ទេ​ ។ ជន​រង​គ្រោះ បាន​ប្រាប់​ថា ពេល​ជិះ​ចេញ​ដល់​កន្លែង​កើតហេតុ ជា​កន្លែង​ស្ងាត់​ផង ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ប្រហែល​ពី​០៤​ទៅ​០៥​នាក់ ក្នុង​នោះ​មានឈ្មោះ ទូ ដែល​មាន​ជម្លោះ​ជាមួយ​ខ្លួន​នៅ​ទីនោះ​ផង ពូន​ស្ទាក់​ចាំ​ជា​ស្រេច​។

ក្រុម​ឈ្មោះ​ទូ បាន​ស្ទុះ​ចេញ​មក​កាក់ ដែល​ទំនង​មានកាំបិត ឬ​ដំបង​ផង ហើយ​គ្រាហ៍​នោះ ​ខ្លួន​ក៏​លោត​ចុះ​ពី​ម៉ូតូ​រត់ រីឯ​មិត្តភក្ដិ​ឈ្មោះ ខួច ដែល​ឌុ​ប​ខ្លួន​បាន​ស្ទុះ​ចាប់ដៃ អ្នក​ដែលរ​កកាប់ ឬ វាយ​
ខ្លួន​។ ពេល​ដែល​ខ្លួន​ចុះ​រត់ គឺ​ក្រុម​នោះ​បាន​ប្រើ​ជំ​ពាម​កៅស៊ូ ដែល​ប្រើ​គ្រាប់កង់ បាញ់​ត្រូវ​ខ្នង​ខ្លួន​មួយ​គ្រាប់ ​។ ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ជន​រង​គ្រោះ​ឈ្មោះ ដា​រ៉ា​វង្ស បាន​និយាយ​ពី​ប្រវត្តិ​ជម្លោះ​ដូច្នេះ​ថា «​មុន​កើតហេតុ​មួយ​ថ្ងៃ ខ្ញុំ​និង​ឈ្មោះ​ទូ បាន​ប៉ះ​ទ​ង្គិច​​ពាក្យ​សម្ដី​គ្នា តែ​ជា​ការ​ប្រកែក​គ្នា​លេង​ទេ​។

ការ​ប្រកែក​នោះ ឈ្មោះ ទូ បា​នប​បួល​ខ្ញុំ​ឡើង​សង្វៀន​វាយ​គ្នា ខ្ញុំ​ក៏​យល់ព្រម​ជាមួយ​គាត់ តែ​បែប​និយាយ​លេង​ទេ ព្រោះ​ខ្ញុំ​នឹង​គាត់​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា លេង​បាល់​ជាមួយ​គ្នា ហើយ​មានមុខរ​បរ​​ប្រហាក់ប្រហែល​គ្នា​ទៀត​។ ប៉ុន្តែ​មិន​នឹក​ស្មានថា គាត់​ខឹង​ខ្ញុំ រហូត​នាំ​គ្នា​ចាំ​ពួន​ស្ទាក់​វាយ​ខ្ញុំ​ចឹ​ង​ទេ​»​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កើតហេតុ ខ្លួន​បាន​ទៅ​ប៉ុ​ស្ដិ៍​នគរបាល​ភ្នំ​សំពៅ ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ដែរ រហូត​ស្អែក​ឡើង​ក៏​ទៅ​បំភ្លឺ​នៅ​កន្លែង​ប៉ុ​ស្ដិ៍ទៀត តែ​ចុង​ក្រោយ​លោក​ប៉ូលិស​ជម្រុញ​ឲ្យ​ខ្លួន​ខ​ល​ហៅ​ជន​ដៃដល់ មក​ស​ម្រួល​បញ្ចប់រឿង​ត្រឹម​ប៉ុ​ស្ដិ៍ជាមួយនឹង​ការ​គម្រាម​ខ្លួន​ថា
«​បើ​មិន​ព្រម​ស​ម្រួ​ល​គ្នា គាត់​នឹង​ចាប់​បញ្ជូន​ទាំង​០២​ភាគី ទៅ​ដេក​ហាលខ្យល់​នៅ​អធិការ​។

ពេល​ឮ​ដូច្នេះ ទើប​ខ្លួន​និង​បង​ប្ងូ​ន សុខចិត្ត​ស​ម្រួ​ល​គ្នា​ត្រឹម​ប៉ុ​ស្ដិ៍ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​។ ជុំវិញ​សំណុំរឿង​នេះ មន្ត្រី​នានា ដែល​បានដឹង​ពី​ដំណើររឿង បាន​លើក​ឡើង​ថា បើ​តាម​ស្ដាប់​សាច់​រឿង​របស់​ជន​រង​គ្រោះ នេះ​ជា​អំពើ​«​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ដែល​ភាគី​ដៃដល់​បាន​រៀបចំ​ផែនការ​ច្បាស់លាស់ ក្នុង​ការ​តាម​សម្លាប់​ជន​រង​គ្រោះ​»​។ ប៉ុន្តែ​បែរជា​មន្ត្រី​ប៉ុ​ស្ដិ៍​ភ្នំ​សំពៅ​ចាត់​ទុក​ជា​រឿង​តូចតាច​ទៅ​វិញ ? មិនតែប៉ុណ្ណោះ មិន​ព្រម​ចាត់ការ​លើ​ក្រុម​ជនសង្ស័យ​ទេ ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ​។ ហើយ​ថែម​ទាំង​ដេញ​ឲ្យ​ជន​រង​គ្រោះ​ខ​ល​ហៅ​ជន​ដៃដល់​មិន​ច​ចារ​គ្នា​បញ្ចប់រឿង​ទៀត​។

បើ​តាម​មន្ត្រី​នៅ​អធិការ​ស្រុក​បាណ​ន់​បាន​បង្ហើប​ថា សំណុំរឿង​នេះ លោក ម៉ី រតនា មេ​ប៉ុ​ស្ដិ៍​ស្ដីទី ភ្នំ​សំពៅ មិន​បាន​រាយ​ការ​ណ៍​ជូន​លោក​អធិការ​ឲ្យ​ដឹង​ទេ​។ សូ​ម្បី​មន្ត្រី​ជំនាញ​ខ​ល​ទៅ​សួរនាំ ក៏​លោក​មន្ត្រី​ប៉ុ​ស្តិ៍​នេះ​ឆ្លើយ​ធ្វើ​មិនដឹងមិនឮ​ដែរ​។ ឥឡូវ​លោក​មេ​ប៉ុ​ស្ដិ៍ស្ដីទី​រូប​នេះ ថ្លើមធំ​ហ៊ាន​ដោះស្រាយ​បញ្ចប់រឿង​ព្រហ្មទណ្ឌ ដែល​ជា​បទ​«​ឧក្រិដ្ឋ​» ដោយ​មិន​ចាំបាច់​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឬ​តំណាង​អយ្យការ សូ​ម្បី​មួយ​ម៉ាត់​។ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ដែរ លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង
ទ​ទួល​ផែន​ព្រហ្មទណ្ឌ ក៏​បា​នប​ដិ​ស​មិន​បានដឹង​រឿង​នេះ​ដែរ ព្រោះ​ថ្នាក់​ក្រោម​មិន​រាយ​ការ​ណ៍​។

លោក​បាន​ប្រាប់​ថា ក្រោយ​ទ​ទូល​បាន​ដំណឹង​នេះ​ ពី​តាម​បណ្ដាញ​សង្គម លោក​បាន​សួរនាំ​ទៅ​លោក​អធិការ​ស្រុក​បាណ​ន់ តែ​ហាក់​មិន​បានដឹង​រឿង​នេះ​។ ចំពោះ​ការ​ដោះស្រាយ​បញ្ចប់រឿង​នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាល គឺ​ជា​កំហុស​ធ្ងន់​របស់​មន្ត្រី​ប៉ុ​ស្ដិ៍​ព្រោះ​វា​ជា​សំណុំរឿង​ព្រហ្មទណ្ឌ មន្ត្រី​នគរបាល​មិន​មាន​សិទ្ធ​ស​ម្រួ​ល​បញ្ចប់រឿង​បាន​ទេ មិន​មាន​ការ​យល់ព្រម​ពី​លោក​ព្រះរាជអាជ្ញា​។ ដូច្នេះ​ មាន​តែ​លោក​ព្រះរាជអាជ្ញា​ទេ ដែល​មាន​សិទ្ធិ​បញ្ចប់​បណ្ដឹង​ព្រហ្មទណ្ឌ​បាន​។

នេះ​ជា​កំហុស​របស់​មន្ត្រី​ប៉ុស្តិ៍​​រដ្ឋបាល ដែល​ដោះស្រាយ​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ មិន​ព្រម​សុំ​យោបល់​ថ្នាក់លើ ឬ​មានការ​អនុញ្ញាតពី​លោក​ព្រះរាជអាជ្ញា​។ ប៉ុន្តែ​យ៉ាងណា លោកស្នងការ​រង បាន​បញ្ជាក់​ថា លោក​នឹង​សួរនាំ​ធ្វើការ​ស្រាវជ្រាវ​លើ​សំណុំរឿង​នេះ​ឡើង​វិញ អំពី​ហេតុផល ដែល​មន្ត្រី​ប៉ុ​ស្តិ៍​​មិន​ព្រម​ចាត់ការ​តាម​នីតិវិធី​លើ​ជនសង្ស័យ ហើយ​ថែម​ទាំង​ហ៊ាន​ដោះស្រាយ​បញ្ចប់​សំណុំ​រឿង​ព្រហ្មទណ្ឌត្រឹម​​ប៉ុ​ស្តិ៍​​រដ្ឋបាល​ដោយ​មិន​ព្រម​រាយ​ការ​ណ៍​​ជូន​ថ្នាក់ដឹកនាំ​សូ​ម្បី​មួយ​ម៉ាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ