ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញា​ធរ​​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងមហាផ្ទៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ព្រមាន​ចាត់វិធានការ​ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់​ ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់ និង​ការ​ទទួលយក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ប័ណ្ណ​សមធម៌ និង​​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ​។…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងមហាផ្ទៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ព្រមាន​ចាត់វិធានការ​ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់​ ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់ និង​ការ​ទទួលយក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ប័ណ្ណ​សមធម៌ និង​​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ​។

សេចក្តីថ្លែងការណ៍​រួម​រវាងក្រសួងមហាផ្ទៃ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ស្តី​ពីការ​ចាត់វិធានការ​ចំពោះ​សកម្មភាព​ផ្តល់​កម្ចី​ខុសច្បាប់ និង​ការ​ទទួលយក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ប័ណ្ណ​សមធម៌ និង​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ធានា​លើ​កម្ចីនៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា​កន្លង​មក ក្រសួងមហាផ្ទៃ​ធនា​គារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ សង្កេត ឃើញ​ថា មាន​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​មួយ​ចំនួន​បាន​ធ្វើ​អាជីវកម្ម​ផ្តល់​កម្ចី​ខុសច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន ការ​អនុញ្ញាត​ជា​មុន​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ក្រោម​រូបភាព​ផ្សេង​ៗ​ដូច​ជា​៖ លុយរាប់ ការ​បញ្ចាំ ការ​ផ្តល់​ប្រាក់​កម្ចី ដោយ​ផ្ទាល់ និង​តាម​អន​ឡាញ​ជាដើម​ ។

ថ្លែងការណ៍​បាន​បន្ថែម​ថា ក្នុង​នោះ​ បុគ្គល​មួយ​ចំនួន ថែម​ទាំង​ធ្វើ​សកម្មភាព​គំរាមកំហែង បំភិតបំភ័យ រៀបចំ​ខសន្យា​មិន​សុចរិត និង​កេង​ចំណេញ​ហួសហេតុ ព្រមទាំង​រក្សា​ទុក​ឯកសារ ដូច​ជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) និង​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) សម្រាប់​ធានា​កម្ចី​ទៀត​ផង​។ សកម្មភាព​ទាំងនេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ត្រូវ​ផ្តន្ទាទោស និង​ដាក់​ពិន័យ​តាម​ច្បាប់​ជា​ធរមាន ​។

យោង​តាម​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ មាត្រា​២ បាន​ចែង​ថា ការ​ផ្តល់​ឥណទាន​គ្រប់​ប្រភេទ ចំពោះ​សាធារណជន ដោយ​មាន​កម្រៃ រាប់​បញ្ចូល​ទាំង​ឥណទាន​ភតិសន្យា និង​ការ​សន្យា​តាម​ហត្ថលេខា ត្រូវ​បាន ចាត់​ទុក​ថា​បាន​ធ្វើ​អាជីវកម្ម​ធនាគារ​។ រាល់​ការ​ប្រកប​អាជីវកម្ម​ធនាគារ​និង​ហិរញ្ញវត្ថុ ត្រូវ​ស្នើ​សុំ និង​ទទួល​បាន អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាជ្ញាធរ​អាណាព្យាបាល មុន​នឹង​អាច​ផ្តល់​សេវាកម្ម ជូន​សាធារណជន​បាន ​។

ផ្អែក​តាម​មាត្រា​៥៥ បាន​កំណត់​បញ្ជាក់​ថា “​បុគ្គល​ណា​ជា​ឯកត្តជន​ក្តី ឬ​ក្នុង​នាម​ជា​អង្គភាព​ក្តី ដែល​យក​ប្រតិបត្តិការ​ធនាគារ​ជា​វិជ្ជាជីវៈ​ជា​ប្រក្រតី និង​សម្រាប់​សាធារណជន​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី មួយ​ឆ្នាំ (១​ឆ្នាំ​) ដល់​ប្រាំ​ឆ្នាំ (៥​ឆ្នាំ​) និង ពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន​រៀល (៥.០០០.០០០៛) ដល់ ពីរ​រយ​ហាសិប​លាន​រៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្ម​តែ​មួយ​ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំង​ពីរ ដោយ​មិន​ទាន់ គិតដល់​ការ​បិទ​គ្រឹះស្ថាន​ផង​»​។

ទន្ទឹម​នេះ ការ​ធ្វើ​អាជីវកម្ម​បញ្ចាំ​និង​ប្រាតិភោគ​ដោយ​អនុប្បទាន ត្រូវ​ស្នើ​សុំ​និង​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ (​ន​.​អ​.​ប​.) នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនា​
គារ​។ យោង​តាម ប្រការ​៣៣ នៃ​ប្រកាស​ស្តី​ពី​វិធាន និង​នីតិវិធី​នៃ​ការ​ផ្តល់​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​អាជីវកម្ម​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​ «​ការ​ធ្វើ​អាជីវកម្ម​បញ្ចាំ និង​/​ឬ​អាជីវ​កម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន​ដោយ​គ្មាន​អាជ្ញា​បណ្ណ ឬ​ការ​ប្រើប្រាស់​អាជ្ញា​បណ្ណ​ផុត​សុពល​ភាព​លើស​ពី ៦ (​ប្រាំមួយ​) ខែ ឡើង​ទៅ ត្រូវ​រង​ទទួល​ការ​ផាកពិន័យ​ពី ន​.​អ​.​ប​. ពី ១០.០០០.០០០ (​ដប់​លាន​) រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​) រៀល និង​ត្រូវ​បញ្ឈប់​សកម្មភាព អាជីវកម្ម​ជា​បន្ទាន់​។ ការ​ធ្វើ​អាជីវកម្ម​បញ្ចាំ ឬ​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន​ដោយ​គ្មាន​លិខិតអនុញ្ញាត អាជីវកម្ម ឬ​ការ​ប្រើប្រាស់​លិខិតអនុញ្ញាត​អាជីវកម្ម​ផុត​សុពលភាព​លើស​ពី ៦ (​ប្រាំមួយ​) ខែ ឡើង​ទៅ ត្រូវ​ទទួល​រង ការ​ផាកពិន័យ​ពី​មន្ទីរ ពី ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​) រៀល និង​ត្រូវ​បញ្ឈប់ សកម្មភាព​អាជីវកម្ម​ជា​បន្ទាន់​។ ក្នុង​ករណី​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើស ចំនួន​ទឹកប្រាក់​ផាកពិន័យ​ត្រូវ​គុណ​ទ្វេ​ដង​»​។

ដោយឡែក ការ​ទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ​ប័ណ្ណ​សមធម៌ ប័ណ្ណសមាជិក ប​.​ស​.​ស ដើម្បី​ដាក់​ធានា​កម្ចី គឺ​ពុំ​ស្រប​តាម​ស្មារតី​ក្រមរដ្ឋប្បវេណី ព្រោះថា​ឯកសារ​ទាំងនេះ ពុំ​មាន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់ សកម្មភាព​ពាណិជ្ជកម្ម ហើយ​ក៏​ពុំ​អាចយ​កមក​ដាក់​ធានា​កម្ចី​បាន​ឡើយ​។ យោង​តាម​ច្បាប់​ស្តី​ពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម មាត្រា​១២៩ «​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ជា​ឯកសារ​ផ្លូវការ មួយ​សម្រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់​ៗ​ដែល​មាន​សញ្ជាតិ​ខ្មែរ ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​ការ​ផ្ទេរ​ពី បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត ឬ​យក​ទៅ​បង្កើត​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​បាន​ឡើយ​»​។

ក្រសួងមហាផ្ទៃ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ សូម​ក្រើនរំលឹក​ជា​ថ្មី ម្តងទៀត​ដល់​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ក្នុង​ករណី​នៅ​តែ​បន្តសកម្មភាព​ល្មើស​នឹង​បម្រាម​ខាងលើ​នេះ នីតិបុគ្គល ឬ​រូបវន្តបុគ្គល​នោះ នឹង​ត្រូវ​ទទួល​រង ទណ្ឌកម្ម​រដ្ឋបាល និង​ព្រហ្មទណ្ឌ ស្រប​តាម​ច្បាប់ និង​​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ