ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការនគរបាលជាតិ ប្រជុំជាមួយក្រុមហ៊ុនដឹកជញ្ជូន ដាក់ចេញក្រមសីលធម៌ ១០ចំណុច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

42 វិនាទី មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ…

រាជធានីភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ ក្នុងនោះដាក់​ចេញក្រមសីលធម៌ ១០ចំណុច។

យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖
*ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
*ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត
*ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត
*ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត
*ទី៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ
*ទី៦៖ ត្រូវពាក់ខ្សែក្រវាត់ជានិច្ច (ចំពោះរថយន្ត)
*ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច
*ទី៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
*ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា
*ទី១០៖ ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ បានកើឡើងសរុបចំនួន១,០៦៦លើក (យប់៥៨ភាគរយ) បណ្ដាលឱ្យស្លាប់មនុស្ស៦៩៤នាក់ និងរងរបួស១,៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៥០ភាគរយ, មិនគោរពសិទ្ធិ ២១ភាគរយ, មិនប្រកាន់ស្ដាំ ១១ភាគរយ, ប្រជែងគ្រោះថ្នាក់ ៧ភាគរយ, ស្រវឹង ៥ភាគរយ, បត់ ២ភាគរយ, កត្តាយាន្ដ ២ភាគរយ, ងងុយ ១ភាគរយ និងសញ្ញាចរាចរណ៍ ១ភាគរយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ