ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រព្រំប្រទល់ ស្រុកចំនួន៣នៃខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចរូបសំណាក ព្រះគោ ព្រះកែវ ផ្លូវបំបែកចូលទៅផ្សារឧដុង្គ ត្រូវបានចំនន់ទឹកភ្លៀងជន់លិច នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៥ ។ ព្រឹកថ្ងៃដដែលនោះដែរគេឃើញអាជ្ញាធរស្រុកចំនួន ៣ ដែលមានព្រំប្រទល់ជាប់គ្នា បានមមាញឹកក្នុងការច្រកដីចូលការ៉ុង ដើម្បីទប់ទឹកជំនន់ខាងលើ។
លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងដឹកនាំក្រុមការងារ ច្រកដីចូលការ៉ុងទប់ទឹកជំនន់ខាងលើបានឲ្យដឹងថា កំណាត់ផ្លូវបំបែកចេញពីរូបសំណាក់ព្រះគោព្រះកែវ ទៅផ្សារឧដុង្គ បានជន់លិចដាច់ប្រហែលជាង ៦០ ម៉ែត្រ មានកម្ពស់ប្រហែល២តឹក ។ដើម្បីធានាកុំឲ្យខូចខាតផ្លូវនៅព្រឹកនេះអាជ្ញាធរស្រុកចំនួន ៣ គឺស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បាននាំគ្នាច្រកដីចូលការ៉ុង យកមកទប់ដើម្បីឲ្យការចរាចរណ៍អាចធ្វើដំណើរទៅបាន។ យ៉ាងនេះក្តីរថយន្តធន់ធំហាមបើកចូលគឺចូលបានតែរថយន្តទេសចរណ៍ធុនតូចធម្មតាតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីនៅផ្នែកខាងលើភ្លៀងធ្លាក់ខ្លាំង ហើយបានហូរចេញពីទំនប់ទឹកអន្លង់ជ្រៃដែលមានកម្ពស់ខ្ពស់ ទើបបណ្ដាលឱ្យជន់លិចបែបនេះ ។ ប្រសិនបើមេឃនៅតែបន្តភ្លៀងនោះកំណត់ផ្លូវដដែលនេះនឹងឡើងខ្ពស់ជាងមុនដែលនឹងអាចបិទចរាចរណ៍ ទាំងស្រុងតែម្ដង។
លោកក៏សូមអំពាវនាវឲ្យរថយន្តធំៗបើកផ្លូវវៀងផ្សារឧដុង្គ ជាបណ្ដោះអាសន្នសិន៕












ចែករំលែកព័តមាននេះ