ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​សណ្ឋាគារ​ថៃ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ

1 នាទី មុន

ប្រទេស​ថៃ ៖ ឧស្សាហកម្ម​សណ្ឋាគារ​របស់​ប្រទេស​ថៃ ត្រូវ​បាន​រំពឹង​ថា​នឹង​ឃើញ​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​អ្នក​ស្រាវជ្រាវ​ទីផ្សារ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថៃ Kasikorn ដែល​បាន​ព្យាករណ៍​ថា ប្រាក់​ចំណូល​នឹង​ធ្លាក់​ចុះ ៤,៥% សម្រាប់​ឆ្នាំ…

ប្រទេស​ថៃ ៖ ឧស្សាហកម្ម​សណ្ឋាគារ​របស់​ប្រទេស​ថៃ ត្រូវ​បាន​រំពឹង​ថា​នឹង​ឃើញ​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​អ្នក​ស្រាវជ្រាវ​ទីផ្សារ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថៃ Kasikorn ដែល​បាន​ព្យាករណ៍​ថា ប្រាក់​ចំណូល​នឹង​ធ្លាក់​ចុះ ៤,៥% សម្រាប់​ឆ្នាំ ២០២៥​។

តាម​របាយការណ៍​ថ្មី​ៗ​នេះ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​ថៃ The Nation បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នេះ បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ អត្រា​ស្នាក់​នៅ​ទាប និង​ប្រាក់​ចំណូល​ពី​សេវាកម្ម​បន្ថែម​។ ចំនួន​ភ្ញៀវ​អន្តរជាតិ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ៩% នៅ​ឆ្នាំ​នេះ ដែល​ការ​មក​ដល់​ពី​ភ្ញៀវ​បរទេស​អាច​ឈាន​ដល់​ប្រហែល ៣២,២​លាន​នាក់ ខណៈ​ដែល​រយៈពេល​ជា​មធ្យម​នៃ​ការ​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​បរទេស ក៏​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​ផង​ដែរ​។

អំឡុង​ពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អត្រា​ស្នាក់​នៅ​សណ្ឋាគារ​នៅ​ទូ​ទាំង​ប្រទេស​ថៃ​មាន​ចំនួន ៧១,៦៦% ពោល​ធ្លាក់​ចុះ ០,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ស្រប​ពេល​ដែល​អត្រា​ស្នាក់​នៅ​ពេញ​១​ឆ្នាំ ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ២,៣% មក​នៅ​ត្រឹម​ប្រហែល ៦៩,៨៣% ខណៈ​អត្រា​ស្នាក់​នៅ​ជា​មធ្យម ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ៤% សម្រាប់​ឆ្នាំ​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ ៥% ក្នុង​រយៈពេល​៧​ខែ​ដំបូង​។

ប្រាក់​ចំណូល​បាន​មក​ពី​ព្រឹត្តិការណ៍​កម្សាន្ត កិច្ចប្រជុំ ព្រមទាំង​សិក្ខាសាលា​ក៏​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ព្រឹត្តិការណ៍​អន្តរជាតិ និង​ការ​ប្រគុំ​តន្ត្រី​តិច​ជាង បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នៅ​ក្នុង​ឆមាស​ទី​១ ទាំង​កិច្ចប្រជុំ និង​សិក្ខាសាលា​ក្នុងស្រុក និង​អន្តរជាតិ​មានការ​ថយ​ចុះ​ដល់​ទៅ ១៣%​។

ក្តី​បារម្ភ​មួយ​ផ្សេង​ទៀត គឺ​ការ​កើនឡើង​ថ្លៃដើម​។ ប្រតិបត្តិ​ករ​សណ្ឋាគារ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​តម្លៃ​ប្រតិបត្តិការ​របស់​ខ្លួន ជា​ពិសេស​ដោយសារ​តែ​ការ​កើនឡើង​នៃ​ប្រាក់​ឈ្នួល​ពលកម្ម​។ ស្រប​ពេល​ដែល​ទីផ្សារ​ទេសចរណ៍​ធ្លាក់​ចុះ និង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា បាន​បន្ថែម​វិបត្តិ​ទៅ​លើ​ការ​តស៊ូ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ផង​ដែរ​។

មជ្ឈមណ្ឌល Kasikorn បាន​បង្ហាញ​ថា អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​គោលដៅ​សំខាន់​ៗ​ដូច​ជា ទីក្រុង​បាងកក ឈុ​ន​បូ​រី សុង​ក្លា និង​ឈៀង​ម៉ៃ ជា​ពិសេស​សេវា​បម្រើភ្ញៀវ​មក​ពី​តំបន់​អាស៊ី​បូព៌ា ទំនងជា​ប្រឈម​នឹង​ផល​ប៉ះពាល់​ខ្លាំង​ជាង​មុន​។ សណ្ឋាគារ​នៅ​តាម​តំបន់​ព្រំដែន​ដូច​ជា ខេត្ត​ស្រះ​កែវ និង​អ៊ូ​ប៊ុ​ន​រ៉ាត់​ថា​នី នឹង​រង​ផល​ប៉ះពាល់​ដោយ​ភាព​តានតឹង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ទោះ​យ៉ាងណា​ក៏​ដោយ ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើនឡើង ពិសេស​ខេត្ត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដូច​ជា Kanchanaburi, Phang Nga, Nakhon Si Thammarat, Nakhon Ratchasima និង Nakhon Phanom​។

របាយការណ៍​បន្ថែម​ថា វា​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​ឡើង សម្រាប់​បណ្តា​សណ្ឋាគារ ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​បន្ថែម​ទៀត ដែល​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​បំពេញ​តាម​ការ​រំពឹង​ទុក​កើនឡើង​នៃ​ចំនួន​អតិថិជន​។

យោង​តាម​របាយការណ៍​កាសែត បាងកក​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​កំពុង​ធ្វើ​វិធានការ​ជំរុញ​តម្រូវការ​ទេសចរណ៍​។ ជាក់ស្តែង ក្រសួងទេសចរណ៍ និង​កីឡា​របស់​ប្រទេស​នេះ​មាន​បំណង​ផ្តល់​សំបុត្រ​យន្តហោះ​ក្នុងស្រុក​ដោយ​ឥត​គិតថ្លៃ​ដល់​ភ្ញៀវ​បរទេស​ចំនួន ២០​ម៉ឺន​នាក់ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៣​ខែ​។ ក្រសួង​រំពឹង​ថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើត​ប្រាក់​ចំណូល​ចំនួន ៨,៨​ពាន់​លាន​បាត ឬ ២៧៣​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ទោះជា​គំនិត​ផ្តួចផ្តើម​នេះ នៅ​តែ​ទាមទារ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ក៏​ដោយ​។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ ប្រទេស​ថៃ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន ២០,៨​លាន​នាក់ ពោល​មានការ​ថយ​ចុះ ៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ទីផ្សារ​ធំ​ជាងគេ​គឺ​ភ្ញៀវ​ទេសចរ​ចិន​ដែល​មាន​ចំនួន ២,៩​លាន​នាក់​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ