សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា បានស្នើឱ្យអាមេរិកជួយពិនិត្យតាមដានរឿងថៃបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលនាំអោយមានការព្រួយបារម្ភអំពីបទឈប់បាញ់។

សម្តេច តេជោ ហ៊ុន សែន បានលើកសំណើនេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។
យ៉ាងណា សម្ដេចតេជោក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេស ការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។
ចែករំលែកព័តមាននេះ