ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១​! អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ទទួល​ពាក្យសុំ​កែ​ទិន្នន័យ និង​មោឃភាព បញ្ជី​អត្រានុកូលដ្ឋាន​ជិត​២​ម៉ឺន​ច្បាប់ ខណៈ​ចុងឆ្នាំ​នេះ នឹង​ដំណើរការ​សេវា​ឌី​ជី​ថ​ល

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​ទទួល​ពាក្យ​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​ទទួល​ពាក្យ​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​ពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាម​រយៈ​រដ្ឋបាល​រាជធានី ខេត្ត និង​ការ​មក​ស្នើ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន បាន​សរុប​១៩.៦៥៨​ច្បាប់​។ ក្នុង​នោះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ទទួល​ពាក្យ​ស្នើ​សុំ​ដោយ​ផ្ទាល់​ចំនួន ១១.៦៩៤​ច្បាប់ និង​ទទួល​ពាក្យ​ស្នើ​សុំ​តាម​រយៈ​រដ្ឋបាល​រាជធានី​-​ខេត្ត ចំនួន ៧.៩៦៤​ច្បាប់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​តាម​បណ្តាញ​សង្គម​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុ​ប នេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​រម្លឹក​ថា ក្រសួងមហាផ្ទៃ បាន​ធ្វើ​យុទ្ធនាការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ចល័ត​នៅ​ទូ​ទាំង​ប្រទេស​រយៈពេល​ជាង​២​ឆ្នាំ នៅ​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៦ ដើម្បី​ផ្តល់​សំបុត្រ​កំណើត​ឡើង​វិញ​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នៃ​ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ក្នុងអំឡុងពេល​យុទ្ធនាការ ឯកឧត្តម​បានឱ្យ​ដឹង​ថា ការ​អនុវត្ត​ចុះបញ្ជី​នោះ ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន គឺ​កំហុសឆ្គង​ទិន្នន័យ ជា​អាទិ៍ ខុស​អក្ខរាវិរុទ្ធ​លើ​នាមត្រកូល​-​នាមខ្លួន ឬ​ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត ឬ​ខុស​ទីកន្លែង​កំណើត និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ប្រភេទ​តែ​មួយ​លើស​ពី​មួយ​ដង​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ក៏​ដូច​ជា​សម្រួល​ដល់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​អនុក្រឹត្យ​ស្តី​ពី​មន្ត្រី​អត្រានុកូលដ្ឋាន​ថ្នាក់​ជាតិ ដោយ​បាន​ផ្តល់​សមត្ថកិច្ច​ពិនិត្យ​សម្រេច​កែតម្រូវ និង​មោឃភាព​ទិន្នន័យ​បញ្ជី​អត្រានុកូលដ្ឋាន ហើយ​បន្ទាប់​មក ក្រសួងមហាផ្ទៃ​ក៏​បាន​ចេញ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់ រួម​មាន សេចក្តីណែនាំ ស្តី​ពី​ការ​កែតម្រូវ និង​ការ​ធ្វើ​មោឃភាព​នៃ​បញ្ជី​អត្រានុកូលដ្ឋាន ដែល​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​០២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ រហូត​ឆ្នាំ​២០១៩ សេចក្តីណែនាំ ស្ដី​ពី​ការ​បន្ត​ដំណើរការ​កែតម្រូវ និង​ការ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន និង សេចក្តីណែនាំ ស្តី​ពី​បែបបទ នីតិវិធី​នៃ​ការ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ដែល​កំពុង​អនុវត្ត​ជា​ធរមាន​នា​ពេល​បច្ចុប្បន្ន​។

បើ​តាម សេចក្តីណែនាំ​ទាំងនេះ ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ដែល​អាច​កែតម្រូវ​បាន គឺជា​ទិន្នន័យ​ដែល​បាន​សរសេរ​ខុស ឬ​ភាន់ច្រឡំ​ព័ត៌មាន ឬ​ខក​ខានមិនបាន​បំពេញ​ព័ត៌មាន ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ ក្នុង​នោះ​មាន ខុសឆ្គង​អក្ខរាវិរុទ្ធ​លើ​នាមត្រកូល និង​/​ឬ​នាមខ្លួន “​ជា​អក្សរ​ខ្មែរ​” និង “​អក្សរ​ឡា​តាំង​” របស់​សាមីខ្លួន ឬ​របស់​ឪពុក ឬ​របស់​ម្តាយ ការ​សរសេរ​ខុស “​ភេទ​” ការ​ចុះបញ្ជី​ដោយ​ភាន់ច្រឡំ​លើ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សាមីខ្លួន ឬ​របស់​ឪពុក ឬ​របស់​ម្តាយ ខុស​ថ្ងៃកំណើត​សុរិយគតិ ខុស​ថ្ងៃកំណើត​ចន្ទគតិ ការ​ភាន់ច្រឡំ​ទីតាំង​ភូមិសាស្ត្រ​រដ្ឋបាល ខុស​ខ្ទង់​ទីកន្លែង​កំណើត​សាមីខ្លួន ខក​ខានមិនបាន​ចុះ​ព័ត៌មាន​នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន និង​កែតម្រូវ​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​តាម​សេចក្តីសម្រេច​របស់​តុលាការ​។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​កំហុសឆ្គង​ទិន្នន័យ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​ដូច​បាន​រៀបរាប់​ខាងលើ សូម​ដាក់​ពាក្យ​ស្នើ​សុំ ១.​សម្រាប់​បញ្ជី​នៅ​ក្នុង​ឆ្នាំ​កំពុង​អនុវត្ត (​គិត​ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ មិន​ទាន់​ឆ្លង​ចូល​ឆ្នាំ​ថ្មី​) ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ ឬ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន នៅ​រដ្ឋបាល ឃុំ សង្កាត់ ។ ២.​សម្រាប់​បញ្ជី​នៅ​ក្នុង​ឆ្នាំ​កន្លង​ផុត (​ហួស​ឆ្នាំ​កំពុង​អនុវត្ត​នៃ​ការ​ចុះបញ្ជី​) ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ ឬ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន នៅ​ទីតាំង​ណាមួយ​ដូច​ជា រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឬ នាយកដ្ឋាន​អត្រានុកូលដ្ឋាន​។ ដោយឡែក ការ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ក្រៅពី​៩​ចំណុច​ដែល​បាន​កំណត់​រៀបរាប់​ខាងលើ មិនមែន​ជា​សមត្ថកិច្ច​របស់​មន្ត្រី​អត្រានុកូលដ្ឋាន​ថ្នាក់​ជាតិ​ទេ គឺជា​សមត្ថកិច្ច​របស់​តុលាការ ដែល​មាន​សមត្ថកិច្ច​តាម​ច្បាប់​កំណត់​។

ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​អនុវត្ត ការងារ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ឯកឧត្តម​អគ្គនាយក​អត្តសញ្ញាណ​កម្ម​បាន​កត់សម្គាល់​ជា​រួម​ថា កំហុស​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ចម្រុះ និង​ស្មុគស្មាញ ខណៈ​កំហុស​មួយ​ចំនួន​បាន​កើតឡើង​ដោយ​អ​ចេតនា ដោយ​កង្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​មន្ត្រី និង​កំហុស​មួយ​ចំនួន​ទៀត​បាន​កើតឡើង​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​។

បើ​តាម​ឯកឧត្តម​អគ្គនាយក ដើម្បី​ចៀស​បង្កើត​កំហុស​ទិន្នន័យ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​ដល់​ជំនួយការ​រដ្ឋបាល​ឃុំ សង្កាត់ ឬ​ស្មៀន និង​មន្ត្រី​អត្រានុកូលដ្ឋាន​ថ្នាក់​ឃុំ សង្កាត់ ពិនិត្យ​ផ្ទៀងផ្ទាត់​រាល់​ទិន្នន័យ​ជាមួយ​ឯកសារ​ភ្ជាប់​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​បញ្ជាក់​អ្នក​ស្នើ​សុំ​ចុះបញ្ជី​មុន​សម្រេច​ចុះបញ្ជី និង​ចេញ​សំបុត្រ​អត្រានុ​កូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។ សម្រាប់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ស្នើ​សុំសូម​ពិនិត្យ​រាល់​ទិន្នន័យ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រឹម​ត្រូវជា​មុន​សិន​។ ក្នុង​ករណី​ឃើញ​មាន​កំហុស​ប្រជាពលរដ្ឋ​ត្រូវ​ស្នើ​សុំ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ កែតម្រូវ​ទិន្នន័យ​កំហុស​ភ្លាម​ៗ​។

បើ​តាម​ឯកឧត្តម បណ្ឌិត តុ​ប នេ​ត បាន​បង្ហើប​ឱ្យ​ដឹង​ថា អនុវត្ត​តាម​គោលការណ៍​ណែនាំ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​នឹង​កំពុង​រៀបចំសេចក្ដី​ព្រាង កំណត់​ពី​សមត្ថកិច្ច​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុ​កូលដ្ឋាន ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និង​រាជធានី ខេត្ត និង​រៀបចំ​ប្រព័ន្ធ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នៅ​ថ្នាក់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បី​ផ្ដល់​ជម្រើស​ជូន​ពលរដ្ឋ អាច​ស្នើ​សុំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បន្ថែម​លើ​ការ​ស្នើ​សុំ​ដោយ​ផ្ទាល់ ដោយ​ការងារ​នេះ​អាច​នឹង​ដាក់​ដំណើរការ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ