កំពង់ចាម៖ ដើមឈើផ្កាជើងគោ ប្រមាណជាង១ពាន់ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែលការណ៍នេះពុំធ្លាប់មានពីមុនមក។ ផ្កាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។
យោងតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថានៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ “ជើងគោ” ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលដើមឈើផ្កាខាងលើ ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
នាឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងបរិស្ថាន។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា យើងក៏មានផែនការ រួចហើយដែរ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ “មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម។ សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភណភាពបរិស្ថានតាមដងផ្លូវ។
បើតាមឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ៕
ចែករំលែកព័តមាននេះ