រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងផ្តល់ឱកាសការងារជាង៣ម៉ឺនកន្លែង ដែលជាឱកាសល្អសម្រាប់យុវជន និងពលរដ្ឋមិនទាន់ការងារធ្វើស្វែងរក នាឱកាសនេះបាន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងព្រឹត្តការណ៍ដ៏ធំបំផុត នៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ ខាងមុខនេះ នឹងមានក្រុមហ៊ុនចំនួន១៥០ បានចូលរួមដោយក្នុងនេះបានផ្តល់ឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាពុំទាន់មានការងារធ្វើជាង៣ម៉ឺនកន្លែង ។
អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ក្នុងឱកាសការងារដល់កន្លែងសម្រាប់យុវជនកម្ពុជា ធ្វើការជ្រើសរើសការងារនេះ មានវិស័យការងារសំខាន់ៗដូចជា ៖ វិស័យហេរញ្ញវត្ថុ វិស័យធនាគារ ធនារ៉ាប់រង វិស័យសំណង់ វិស័យព័ត៌មានវិទ្យា វិស័យឧស្សាហកម្មយានយន្ត និងរោងចក្រ សហគ្រាសជាដើម ។
ជាមួយនឹងការប្រារព្ធពិធីពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី១៥នេះដែរ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ បានថ្លែងដោយធ្វើការអំពាវនាវដល់និស្សិត ដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សា ត្រូវទៅមើលឱកាសការងារក្នុងពិព័រណ៍រយៈពេល២ថ្ងៃនេះ ដើម្បីយើងអាចរៀនបណ្តើរផង និងធ្វើការងារបណ្តើរផង ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារបានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៩ខែ នៃដើមឆ្នាំ២០២៥នេះ កម្ពុជាមានគម្រោងវិនិយោគ ជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានគម្រោងជាង៣០។ ជាមួយគម្រោងដ៏ធំសម្បើមនេះ បានបង្កើតការងារដល់ពលរដ្ឋ៣៧ម៉ឺនកន្លែង ដល់ពលរដ្ឋកម្ពុជា ទាំងនេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជា និងទីផ្សាររបស់កម្ពុជាមានតម្រូវការខ្ពស់ និងបោះជំហានទៅមុខយ៉ាងរឹងមាំ។
លោក សន ប៊ុន មាន ប្រធានលេខាធិការដ្ឋាន នៃស.ស.យ.ក រាជធានីភ្នំពេញ បានអំពាវនាវឱ្យនិស្សិត ត្រូវរួសរាន់ទៅមើលឱកាសការងារដោយអាចធ្វើប្រវត្តិរូប និងពិនិត្យការងារដែលខ្លួនចង់ធ្វើឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសការងារ ដែលមានជាង៣ម៉ឺនកន្លែងនេះដែរ លោក រំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណចាប់ពី៤ ទៅ៥ម៉ឺននាក់ផងដែរ។ បន្ថែមពីនេះទៀត បើយុវជនចង់មានការងារធ្វើ ត្រូវរួសរាន់មកថ្ងៃទី១ ឱ្យហើយ ដើម្បីបានជ្រើសរើស និងពិនិត្យការងារណាមួយ ដែលយើងចង់ធ្វើ ដើម្បីបានដាក់ពាក្យសំភាសន៍ផ្ទាល់នៅទីនោះតែម្តង ។
លោក លី តិច ហេង តំណាងសមាគមន៍វាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានឱ្យដឹងថា ៖ឱកាសដ៏ធំនេះ នឹងផ្តល់ឱ្យបណ្តាយុវជនជ្រើសរើសការងារ មើលពីទីផ្សារ ហើយពិសេសនោះអ្នករកការងារហើយ និងនិយោជកបានជួបគ្នាដោយផ្ទាល់សម្រាប់ការជ្រើសរើសទៀតផង។ ក្នុងព្រឹត្តិការណ៍នេះដែរ មានគ្រប់វិស័យទាំងអស់ ដែលយើងអាចជ្រើសរើសតាមការចង់បាន ពោលគឺយើងដើរមើលការងារ ដែលជាចំណង់ចំណូលចិត្ត ខុសពីចប់ព្រឹត្តិការណ៍នេះទៅយើងមិនងាយជ្រើសរើសបានបែបនេះឡើយ ។
គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃនេះ គេរំពឹងថា នឹងមានអ្នកទស្សនាចូលរួមប្រមាណ៤ទៅ៥ម៉ឺននាក់ ដែលមានកំណើនជាងឆ្នាំកន្លងមក ដែលមានត្រឹម២ទៅជាង ៣ម៉ឺនាក់។សម្រាប់ឱកាសការងារក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ មានចំនួនសរុបជាង៣ម៉ឺនកន្លែងនេះ ក៏កំពុងរង់ចាំយុវជនគ្រប់រូប ដែលមិនអាចមើលរំលងសោះឡើយ ៕


ចែករំលែកព័តមាននេះ