ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុចុះផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃស្បែកសត្វមួយទាំងមូលនឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេសឡើងវិញ ។ នេះបើយោងតាមផេករដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនារសៀលថ្ងៃទី២២ ខែតុលានេះ ។

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ដើម្បីចុះអនុវត្តលិខិតលេខ៤៨២២/០៦២៥ ប.ស្ថ/អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន និងលិខិតលេខ៤៤៧/២៥ សជណ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលសម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ ជាក្រុមហ៊ុនកែច្នៃស្បែកសត្វ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរោងចក្ររបស់ក្រុមហ៊ុននេះ បានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់ ។

បន្ថែមពីនេះទៀត កន្លងមកក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសារមកហើយ តែក្រុមហ៊ុននៅមិនមានការកែតម្រូវ ។

ដូច្នេះ ការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថានបន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូលនឹងត្រូវផ្អាករហូត ដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ។
ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរផលិតកម្មឡើងវិញ ៕




អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ