មុខរបរបន្តពីឪពុកម្តាយ! ត្រីអណ្តែងឆ្អើរ អ្នកស្រុកសូទ្រនិគម ទទួលបានការគាំទ្រច្រើនពីអតិថិជន
- សៀមរាប
ខេត្តសៀមរាប ៖ អ្នកស្រី សុខ ផល អាយុ៥០ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នាំក្រុមគ្រួសារប្រកបមុខរបរឆ្អើរត្រីអណ្តែងលក់ រយៈពេលជាង១០ឆ្នាំ ដែលមុខរបរនេះបន្តពីឪពុកម្តាយ បានរៀបរាប់ ប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងថា គាត់ប្រកបមុខរបរនេះជាមួយឪពុកម្តាយតាំងពីគាត់នៅតូចៗ ឥឡូវ មានគ្រួសារក៏បង្កើតមុខរបរនេះខ្លួនឯង ដោយសារតែឪពុកម្តាយចាស់ៗអស់ហើយ ។
អ្នកស្រីបន្តថា ការរកស៊ីឆ្អើរត្រីអណ្តែងលក់នេះ កាលពីមុនមានភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅកំពង់ឃ្លាំងនេះច្រើន ប៉ុន្តែមិនដឹងថា គាត់លក់ត្រីអណ្ដែងឆ្អើរនេះយូរទេ ស្រាប់តែមួយរយៈក្រោយមក កូនប្រុសក៏បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលនោះ ក៏មានភ្ញៀវខលមកកុំម៉ង់តាមឆាត ឱ្យផ្ញើតាមរថយន្តទៅភ្នំពេញផងដែរ។
អ្នកស្រីបន្ថែមថា ការលក់ដូរក្នុងភូមិមិនសូវជាបានប៉ុន្មានទេ ព្រោះមានគេលក់ច្រើនដែរ ។ អ្នកស្រីបញ្ជាក់ថា ត្រីអណ្ដែងឆ្អើរលក់ មានបោះដុំ និងលក់រាយ ក្នុងមួយចង្កាក់ត្រីអណ្ដែងឆ្អើរធំ តម្លៃ ៦ ០០០រៀល ត្រីអណ្ដែងឆ្អើរតូច ក្នុង១ចង្កាក់តម្លៃ ៤ ៥០០រៀល , ត្រីរៀលឆ្អើរ ក្នុង១ចង្កាក់ តម្លៃ ២ ៥០០រៀល និងត្រីអណ្ដែងឆ្អើរចង្កាក់បេះយកតែសាច់ត្រី ក្នុង១គីឡូ តម្លៃ ៨០ ០០០រៀល ។
អ្នកស្រីបញ្ជាក់ទៀតថា ត្រីអណ្ដែងឆ្អើរដែលឆ្អើរសម្រាប់លក់បោះដុំនោះមាន ត្រីអណ្ដែងឆ្អើរចង្កាក់ធំក្នុងមួយចង្កាក់ តម្លៃ ៥ ៥០០ រៀល និងត្រីអណ្ដែងឆ្អើរតូចក្នុងមួយចង្កាក់ តម្លៃ៤ ០០០រៀល និងត្រីរៀលឆ្អើរ ក្នុង១ចង្កាក់ តម្លៃ២ ០០០រៀល និងឆ្អើរចង្កាក់ បេះ យកតែសាច់ត្រី ក្នុង១គីឡូ តម្លៃ ៨០ ០០០រៀល ហើយមានម៉ូយមកទិញដល់ផ្ទះ និងផ្ញើរតាមរយៈរថយន្តទៅដល់ទីក្រុងភ្នំពេញផងដែរ។
ចំណែកអ្នកស្រី ស៊ុន រុន អាយុ៤៧ឆ្នាំ មុខរបរដឹកត្រីឆ្អើរ តាមស្រុក មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅក្នុងភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប លក់ដូរដឹកតាមកង់បីជាមួយប្តីឈ្មោះ ភ្លុយ អាយុ៤៨ឆ្នាំ មុខរបរដឹកភ្ញៀវ រស់នៅបច្ចុប្បន្ន ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ឥឡូវ ទៅរស់នៅជាមួយប្រពន្ធ នៅស្រុកអង្គរជុំ ។
អ្នកស្រីបញ្ជាក់ទៀតថា ការលក់ដូរនេះ ពួកគាត់លើកពីបងស្រីនៅកំពង់ឃ្លាំងត្រីអណ្ដែងឆ្អើរចង្កាក់ធំក្នុងមួយចង្កាក់ តម្លៃ៥ ៥០០ រៀល និងត្រីអណ្ដែងឆ្អើរតូចក្នុងមួយចង្កាក់តម្លៃ៤ ០០០ រៀល និងត្រីរៀលឆ្អើរ ក្នុង១ចង្កាក់ តម្លៃ២ ០០០រៀល ។ ហើយពួកគាត់យកមកចងជាបាច់ ក្នុង១បាច់តាមតូច តាមធំ ក្នុង១បាច់ៗ ចាប់ពី ១ ២០០០ រៀល រហូតដល់ ២ ១០០០ រៀល ដឹកតាមកង់បី របស់ប្តី យកទៅលក់តាមស្រុក ដូចជា ស្រុកស្វាយលើ ស្រុកវ៉ារិន និងស្រុកអង្គរជុំជាដើម ព្រោះកង់បីរបស់ប្តី ឥឡូវមិនសូវ មានភ្លៀវដឹក ក៏មករករបរលក់ត្រីឆ្អើរនេះវិញ បានកាក់កបជាងដឹកភ្ញៀវ ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋរស់នៅធ្វើផ្ទះលើទឹក ក្នុងឃុំកំពង់ឃ្លាំង ប្រកបរបរចុះនេសាទតាមលក្ខណៈគ្រួសារ ដល់ពេលទឹកទន្លេឡើង ចុះនេសាទ ជិះកាណូត ឬទូកស្មាច់ បើទឹកទន្លេស្រក ជិះម៉ូតូទៅដល់មាត់ទន្លេ ហួសវត្តកំពង់ឃ្លាំង បាននាំគ្នាជិះកាណូត ឬទូកស្មាច់ខ្លួនឯង ទៅរកត្រីនៅកណ្តាលទន្លេ ខ្លះបង់សំណាញ់ ខ្លះរាយមង ខ្លះដាក់អ៊ុយ បានត្រី ហើយនាំគ្នាយកទៅលក់ នៅតាមផ្ទះ ខ្លះយកហួសមកលក់ក្នុង ក្រុងសៀមរាបផងដែរ ៕
















ចែករំលែកព័តមាននេះ