ទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ ការមិនចាប់ចាប់ដៃជាមួយ សម រង្ស៊ី ដោយពិចារណាផ្លូវច្បាប់និងនយោបាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមច្រានចោលយ៉ាងម៉ឺងម៉ាត់នូវការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានត្រឹមត្រូវរបស់បុគ្គលមួយចំនួនក្នុងក្រុមប្រឆាំង ចំពោះការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មិនចាប់ដៃជាមួយ សម រង្ស៊ី នៅវត្តខ្មែរសាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនស្តីពីការសម្រេចចិត្តរបស់ឯកអគ្គរាជទូតមិនចាប់ដៃជាមួយ សម រង្ស៊ី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា បន្ទាប់ពីបញ្ចប់កម្មវិធីព្រះពុទ្ធសាសនានៃពិធីបុណ្យអង្គកឋិនទាន សម រង្ស៊ី បានដើរមករកឯកឧត្តម ឯកអគ្គរាជទូត ហើយលូកដៃមកក្នុងបំណងចាប់ដៃ ខណៈដែលអ្នកអមដំណើររបស់បុគ្គលរូបនេះ ត្រូវបានរាយការណ៍ថា កំពុងត្រៀមថតរូប ។
ឯកឧត្តមឯកអគ្គរាជទូតបានសម្រេចចិត្តដោយចេតនាមិនលូកដៃទៅចាប់ដៃវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់ សម រង្ស៊ី ជាពិសេស ការដែលបុគ្គលរូបនេះ ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា និងការចូលរួមរបស់បុគ្គលរូបនេះ ក្នុងរចនាសម្ព័ន្ធនយោបាយដែលប្រកាសបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេស ហើយដែលពុំមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាង ឱ្យព្រះរាជាណាចក្រកម្ពុជាឡើយ ។
ស្ថានឯកអគ្គរាជទូត សូមច្រានចោលការបកស្រាយបែបសាមញ្ញថា ការប៉ុនប៉ងចាប់ដៃនេះត្រូវតែចាត់ទុកជាកាយវិការរាក់ទាក់ធម្មតារវាងពលរដ្ឋខ្មែរដូចគ្នា ។ ទោះបីជាការចាប់ដៃជាទូទៅ អាចបង្ហាញពីការគួរសមក៏ដោយ អត្ថន័យនៃកាយវិការនេះ មិនអាចកាត់ផ្តាច់ចេញពីកាលៈទេសៈ និងបរិបទនយោបាយ ដែលកាយវិការនោះកើតឡើងបានឡើយ ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានយល់យ៉ាងច្បាស់អំពីគោលបំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃនេះ ជាពិសេស ការត្រៀមថតរូប ។ រូបថតបែបនេះអាចត្រូវបានយកទៅប្រើប្រាស់ដោយចេតនា ដើម្បីបង្កើតការយល់ច្រឡំថា ឯកឧត្តម ឯកអគ្គរាជទូត ក្នុងឋានៈផ្លូវការរបស់ឯកឧត្តម បានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់ សម រង្ស៊ី។ ការបង្កើតការយល់ឃើញបែបនេះ នឹងជាការបំភាន់ខុសពីការពិតទាំងស្រុង ។
ក្នុងឋានៈជាតំណាងការទូត ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរាជទូត មានការទទួលខុសត្រូវ ជាពិសេស ក្នុងការការពារសេចក្តី ថ្លៃថ្នូរ សិទ្ធិអំណាច និងជំហរផ្លូវការរបស់ស្ថាប័នដែលឯកឧត្តមតំណាង ។ ការទទួលខុសត្រូវនេះ តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផ្នែកការទូត ក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលការអះអាង និងសកម្មភាពផ្នែកនយោបាយរបស់ខ្លួនប្រឆាំងនឹងស្ថាប័នទាំងនោះ ។
ដូច្នេះ ការសម្រេចចិត្តរបស់ឯកឧត្តមឯកអគ្គរាជទូត គឺជាការអនុវត្តភារកិច្ចផ្លូវការ ដោយមានការពិចារណាយ៉ាងហ្មត់ចត់ និងសមស្រប ក្នុងគោល បំណងទប់ស្កាត់ការយកកាយវិការណាមួយទៅប្រើប្រាស់ ដើម្បីបញ្ជូនសារនយោបាយដែលផ្ទុយនឹងជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ។
ស្ថានឯកអគ្គរាជទូត សូមគូសបញ្ជាក់បន្ថែមថា ការមានសញ្ជាតិដូចគ្នាសង្គម មិនបានបង្កើតជាកាតព្វកិច្ចឱ្យឯកអគ្គរាជទូតត្រូវតែចាប់ដៃឆ្លើយតបទៅនឹងការលូកដៃមកចាប់ ដោយមិនបានព្រៀងទុកជាមុននោះឡើយ ។ ស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់ សម រង្ស៊ី គឺជាផ្នែកមួយនៃបរិបទពាក់ព័ន្ធនឹងហេតុការណ៍នេះ ។
ឯកអគ្គរាជទូតដែលតំណាងឱ្យរដ្ឋ និងរដ្ឋាភិបាល ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីចៀសវាងកាយវិការដែលអាចត្រូវបានបកស្រាយថា ជាការគាំទ្រ ឬការទទួលស្គាល់ជាផ្លូវការ ។ ការប្រុងប្រយ័ត្នបែបនេះ គឺជាការទទួលខុសត្រូវជាទូទៅរបស់តំណាងផ្នែកការទូត មិនមែនជាការពិចារណាដែលមានតែចំពោះការទូតកម្ពុជានោះឡើយ ។
ស្ថានឯកអគ្គរាជទូត សូមគូសបញ្ជាក់ផងដែរថា ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា គួរតែជាឱកាស សម្រាប់ការប្រតិបត្តិសាសនា ការសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាឱកាស សម្រាប់ការកេងចំណេញផ្នែកនយោបាយនោះ
ទេ។
ស្ថានឯកអគ្គរាជទូត សូមច្រានចោលការប៉ុនប៉ងរបស់បុគ្គលមួយចំនួនក្នុងការបំភ្លៃកាលៈទេសៈនៃការប៉ុនប៉ងចាប់ដៃខាងលើ ហើយយកហេតុការណ៍នេះ ធ្វើជាលេសសម្រាប់ការរិះគន់ វាយប្រហារផ្ទាល់ខ្លួនដោយគ្មានមូលដ្ឋានត្រឹមត្រូវមកលើឯកឧត្តមឯកអគ្គរាជទូត ៕

ចែករំលែកព័តមាននេះ