ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១១​ថ្ងៃ បងប្អូន​អតីត​ពលករ​ខ្មែរ និង​សាធារណជន​ជាង ២ ០០០​នាក់ មក​ធ្វើតេស្ត​ទទួលស្គាល់​ ជំនាញ​ពី​មុន (RPL) ជំហាន​ទី​២

1 ម៉ោង មុន


រាជធានីភ្នំពេញ​ ៖ ក្នុង​រយៈពេល ១១​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​សាធារណជន​សរុប ២ ២០៧​នាក់ បាន​ចូលរួម​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ជំហាន​ទី​២ ដើម្បី​ប​ម្លែ​ង​បទ​ពិសោធន៍​ការងារ និង​ជំនាញ​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​ជាក់ស្តែង ជា​លិខិត​ទទួលស្គាល់​ជំនាញ​ផ្លូវការ​។ នេះ​បើ​តាម លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

អ្នកនាំពាក្យ​រូប​នេះ​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​សរុប ២ ២០៧​នាក់​នោះ មាន​សាធារណជន​ទៅ​ធ្វើតេស្ត​ជំនាញ ការងារ​ឆុង​និង​រចនា​កាហ្វេ​ចំនួន និង​ជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំ​ព្យ​ទ័​រ សរុប ១៩៧ នាក់ ​។ ក្រៅពី​នេះ អតីត​ពលករ​សរុប ២ ០១០​នាក់​ផ្សេង​ទៀត​បាន​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​លើ​ផ្នែក​ស័​យ​សំណង់ ​។

លោក​ថ្លែង​ថា​៖ «​លទ្ធផល​ដែល​មាន​អ្នកចូលរួម​ធ្វើតេស្ត​ជាង ២ ពាន់​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ១១​ថ្ងៃ បង្ហាញ​ពី​ការ​ចាប់​យក​ឱកាស​របស់​បងប្អូន​អតីត​ពលករ និង​សាធារណជន ក្នុង​ការ​ទទួលស្គាល់​សមត្ថភាព​ជំនាញ​របស់​ខ្លួន ដើម្បី​ឱ្យ​ជំនាញ​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការងារ និង​ប្រាក់​ចំណូល​»​ ។

សូម​បញ្ជាក់​ថា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ និង​ទទួលស្គាល់​ជំនាញ​របស់​បងប្អូន​អតីត​ពលករ​ខ្មែរ​ ត្រឡប់​មក​ពី​ប្រទេស​ថៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​ឱកាស​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន ជំហាន​ទី​២ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​គាំទ្រ​ដោយ​រ៉ាប់រង​ថ្លៃ​ធ្វើតេស្ត​ជំនួស​ដល់​អតីត​ពលករ​ចំនួន ១០ ០០០​នាក់​បន្ថែម លើ​មុខ​ជំនាញ​ចំនួន ១៣ ក្នុង​វិស័យ​សំណង់ រួម​មាន ការងារ​កំបោរ ការងារ​ការ៉ូ ការ​ដំឡើង​ពុម្ព ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការងារ​រន្ទា ការ​ដំឡើង​សរសៃដែក ការ​ផ្សារ​អគ្គិសនី ការ​លាបថ្នាំ​អគារ ការងារ​ត្រាស​សេ និង​ជីករណ្តៅ​គ្រឹះ ការ​ដំឡើង​ដំបូល ការងារ​បេតុង និង​ការងារ​លាយ​បាយអរ និង​បេតុង​។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​ផ្តល់​ឱកាស​ដល់​សាធារណជន​ចំនួន ១ ០០០​នាក់ បាន​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ចំនួន ២ គឺ​ជំនាញ​ការងារ​ឆុង​ការ​ហ្វេ​ និង​រចនា​កាហ្វេ និង​ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ផង​ដែរ ​៕ អត្ថវបទសហការ