សោកស្តាយ! ភ្លៀងរាំងភ្លាម ស្រាប់តែមានអគ្គិភ័យ ឆេះផ្ទះលក់ដូរអស់៣ខ្នង ផ្អើលជិតផ្សារព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមេឃរាំងភ្លៀង ស្រាប់តែឮសំឡេងផ្ទុះបែកផ្កាភ្លើងឆាបឆេះផ្ទះលក់ដូររាលដាលបន្តគ្នាយ៉ាងសន្ធោសន្ធៅអស់ផ្ទះចំនួន៣ខ្នង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅផ្សារព្រែកថ្មី តាមផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុរសម្នាក់បានរៀបរាប់ប្រាប់អ្នកសារព័ត៍មានឱ្យដឹងថា មុនកើតហេតុ គាត់កំពុងនៅក្នុងផ្ទះ ស្រាប់តែឃើញឆេះផ្ទះនៅខាងក្រោយយ៉ាងសន្ធោសន្ធៅ ក៏ស្រែកប្រាប់កូនចៅចេញពីផ្ទះឱ្យបានលឿនគ្មានយកចេញបានអីនោះទេ ហើយអណ្តាតភ្លើងបានបន្តឆេះរាលដាលដល់ផ្ទះជិតខាង ក៏បានទូរស័ព្ទទៅអាជ្ញាធរភ្លាមៗដើម្បីសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចុះមកបានច្រើនគ្រឿងដោយសារតែក្បែរផ្សារព្រែកថ្មីតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ ក្រោយពីទទួលបានព័ត៍មានភ្លាមក៏ទទួលបទបញ្ជាពីលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅដឹកនាំកងកម្លាំងអន្តរាគមន៍ និងផ្នែកចរាចរណ៍ និងប៉ុស្តិ៍រដ្ឋបាលសហការជួយសម្រួលចរាចរណ៍ដាក់រាយតាមដងផ្លូវ ងាយស្រួលរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចូលមកដល់គោលដៅបាញ់ពន្លត់ និងប្រញាប់ជម្លៀសប្រជាពលរដ្ឋដែលនៅខាងក្នុងផ្ទះចេញមកខាងក្រៅ ការពារគ្រោះថ្នាក់របួសនិងដល់អាយុជីវិត ។ តែដោយសារផ្លូវឆ្ងាយជិតព្រំប្រទល់ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពេលរថយន្តពន្លត់អគ្គិភ័យចុះមកដល់កន្លែងកើតហេតុច្រើនអង្គភាពដើម្បីមកបាញ់ពន្លត់ទប់ស្កាត់ការពារផ្ទះប្រជាពលរដ្ឋបានមួយចំនួនធំ ។
សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលឆាបឆេះសង់អំពីឈើ១ខ្នង ជញ្ជាំងនិងដំបូលប្រក់សង្ក័សីចំនួន២ខ្នង ជាផ្ទះលក់ដូរចាប់ហួយគ្រប់មុខចំនួន២ខ្នង សរុបឆេះខូចខាតទាំងស្រុង៣ខ្នង តែមិនមានអ្នករងរបួស ប៉ុន្តែបានឆេះខូចខាតសម្ភារលក់ដូរអស់ និងផ្ទះឈើឆេះអស់សល់តែគ្រោង ។
ក្រោយកើតហេតុ រថយន្តអគ្គិភ័យបាញ់ពន្លត់ដល់ម៉ោងជិត១២អធ្រាត្រ ទើបទប់ស្កាត់បានទាំងស្រុង តែកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំម្ចាស់ផ្ទះទាំង៣ខ្នង កុំអាលចូលទៅរើសសម្ភារ សមត្ថកិច្ចហ៊ិមព័ទ្ធខ្សែទុកព្រឹកឡើង អោយជំនាញចុះមកពិនិត្យជាក់ស្ដែង ដើម្បីរកពីមូលហេតុដែលកើតអគ្គិភ័យខាងលើនេះ ។
ជំហានដំបូង សមត្ថកិច្ចសង្ស័យឆ្លងចរន្តអគ្គិសនី ។ អគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងមកពីគ្រប់អង្គភាព ដូចជារថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តបុរី និងរថយន្តទីក្រុងកោះនរាផងដែរ ៕




ចែករំលែកព័តមាននេះ