ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! កាត់ក្រចកខុសរបៀប និងប្រើឧបករណ៍រួមគ្នា អាចចម្លងមេរោគ និងបង្កជំងឺ

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់ក្រចកដៃ និងក្រចកជើងគឺជាទម្លាប់ថែរក្សាអនាម័យប្រចាំថ្ងៃ ប៉ុន្តែមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ថា ការប្រើឧបករណ៍កាត់ក្រចករួមគ្នា ឬមិនសម្អាតឱ្យបានត្រឹមត្រូវ អាចបង្កហានិភ័យឆ្លងមេរោគផ្សិត បាក់តេរី និងជំងឺមួយចំនួន។ ដូច្នេះ ដើម្បីការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ គួរយកចិត្តទុកដាក់លើវិធីកាត់ក្រចកឱ្យបានត្រឹមត្រូវ។

ចំណុចទី១ គឺ កុំប្រើឧបករណ៍កាត់ក្រចករួមគ្នា ទោះបីជាសមាជិកគ្រួសាររស់នៅជាមួយគ្នាក៏ដោយ ព្រោះពេលកាត់ក្រចក អាចធ្វើឱ្យស្បែកជុំវិញក្រចកដាច់ ឬហូរឈាម។ ប្រសិនបើឧបករណ៍មានជាប់ឈាមរបស់អ្នកដែលមានមេរោគ ការប្រើរួមគ្នាអាចបង្កហានិភ័យឆ្លងជំងឺរលាកថ្លើមប្រភេទខ និងសេ ព្រមទាំងមេរោគអេដស៍។ ក្រៅពីនេះ ក៏អាចចម្លងមេរោគផ្សិតក្រចកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ ចំណុចទី២ គឺ សម្អាតឧបករណ៍ក្រោយប្រើប្រាស់រាល់លើក ដោយយកកម្ទេចក្រចក និងធូលីចេញ លាងជាមួយទឹក និងសាប៊ូ រួចជូតឱ្យស្ងួតល្អ។ ប្រសិនបើឧបករណ៍មានប្រឡាក់ឈាម ត្រូវសម្អាត និងសម្លាប់មេរោគតាមវិធីត្រឹមត្រូវ។

ចំណុចទី៣ គឺ កុំកាត់ក្រចកខ្លីជាប់សាច់ពេក ព្រោះអាចធ្វើឱ្យស្បែកជុំវិញក្រចករបួស រលាក ឬហូរឈាម ដែលបង្កឱកាសឱ្យមេរោគចូលក្នុងរាងកាយ។ គួរកាត់ត្រឹមប្រវែងសមស្រប និងកុំកាត់ឬបកស្បែកជុំវិញក្រចកដោយកម្លាំង។ ប្រសិនបើមានការហូរឈាមដោយចៃដន្យ គួរសម្អាតរបួស និងរក្សាឱ្យស្អាត។ ចំណុចទី៤ គឺ កុំកាត់ជ្រៅតាមជ្រុងក្រចកជើង ព្រោះអាចធ្វើឱ្យក្រចកដុះចូលក្នុងសាច់ បង្កការឈឺចាប់ ហើម ក្រហម និងរលាក។ គួរកាត់ក្រចកឱ្យត្រង់តាមទម្រង់ធម្មជាតិ និងកុំប្រើវត្ថុមុតស្រួចកកាយជ្រុងក្រចកដែលកំពុងឈឺ ឬហើម។

ចំណុចទី៥ គឺ ប្រុងប្រយ័ត្នពេលកាត់ក្រចកនៅហាងកែសម្ផស្ស ព្រោះឧបករណ៍ដែលប្រើជាមួយអតិថិជនជាច្រើន អាចមានមេរោគ ប្រសិនបើមិនបានសម្អាត និងសម្លាប់មេរោគត្រឹមត្រូវ។ គួរជ្រើសរើសហាងដែលមានអនាម័យល្អ ស្នើសុំប្រើឧបករណ៍ផ្ទាល់ខ្លួន ឬឧបករណ៍ដែលបានសម្អាតត្រឹមត្រូវ។ ចំពោះឧបករណ៍លាប និងកិនក្រចកដែលធ្វើពីក្រដាស ឬស្នោ គួរប្រើដាច់ដោយឡែក ឬប្រើតែម្តង។ គួរចងចាំថា ប្រអប់ដាក់ឧបករណ៍ដែលមានពន្លឺពណ៌ស្វាយ មិនមែនជាភស្តុតាងថាឧបករណ៍ទាំងនោះបានសម្លាប់មេរោគរួចរាល់នោះទេ។

ជារួម ការកាត់ក្រចកឱ្យមានសុវត្ថិភាព មិនមែនគ្រាន់តែកាត់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើឧបករណ៍ផ្ទាល់ខ្លួន សម្អាតក្រោយប្រើប្រាស់ និងកុំកាត់ជ្រៅរហូតដល់របួសស្បែក។ ការយកចិត្តទុកដាក់លើទម្លាប់តូចៗទាំងនេះ អាចជួយកាត់បន្ថយហានិភ័យឆ្លងមេរោគ និងការរលាកក្រចក ព្រមទាំងជួយការពារសុខភាពរបស់អ្នក និងសមាជិកគ្រួសារផងដែរ៕