ខេត្តតាកែវ ៖ បន្ទាប់ពីការកសាងរូបសំណាកបង្កងយក្សនៅមាត់បឹងតាកែវ បានធ្វើឱ្យមានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តតាកែវ កាន់តែច្រើនឡើង ជាពិសេសភ្ញៀវទេសចរ ដែលចង់មកភ្លក្សរសជាតិបង្កងដ៏ឈ្ងុយឆ្ងាញ់នោះ នៅរសៀលថ្ងៃអង្គារ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជីវករលក់បង្កងនៅក្នុងក្រុងដូនកែវ ។
លោកអភិបាលខេត្តតាកែវ បានធ្វើការលើកទឹកចិត្តដល់បងប្អូនអាជីវករទាំងអស់ ត្រូវចេះទទួលស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរឱ្យបានល្អប្រសើរ មិនត្រូវធ្វើឱ្យភ្ញៀវទេសចរមានការអាក់អន់ស្រពន់ចិត្តឡើយ និងត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តតាកែវហើយ មានបំណងចង់ត្រឡប់មកលេងសារជាថ្មីម្ដងទៀត ។
លោក វ៉ី សំណាង ក៏បានណែនាំដល់បងប្អូនអាជីវករលក់បង្កងទាំងអស់ ដាច់ខាតមិនត្រូវដំឡើងថ្លៃបង្កង ឬបន្លំបង្កងចិញ្ចឹមថា ជាបង្កងធម្មជាតិឡើយ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីអតិថិជន និងប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ៕







ចែករំលែកព័តមាននេះ