ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គ្រោងចូលរួមទស្សនាពិព័រណ៍ផលិតផលខ្មែរលើកទី៤​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅកោះពេជ្រ​

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និង ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ គ្រោងអញ្ជើញចូលរួមទស្សនាពិព័រណ៍ផលិតផលខ្មែរលើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ»។ ព្រឹត្តិការណ៍នេះនឹងមានស្តង់តាំងបង្ហាញជាង៣០០ និងផលិតផលខ្មែរជាង១០០មុខ ដើម្បីផ្សព្វផ្សាយស្នាដៃផលិតក្នុងស្រុក និងបង្កើនឱកាសទីផ្សារដល់សហគ្រាសខ្មែរ។

ថ្លែងក្នុងវេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះមានគោលបំណងបណ្តុះស្មារតីស្រឡាញ់ និងគាំទ្រផលិតផលជាតិ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកកាន់តែច្រើន។ លោកបានរំឭកថា FASMEC បានរៀបចំការតាំងបង្ហាញផលិតផលតាំងពីឆ្នាំ២០០៤មក ដោយកាលពីដំបូងការគាំទ្រផលិតផលខ្មែរនៅមានកម្រិត ខណៈប្រជាពលរដ្ឋមួយចំនួននិយមប្រើប្រាស់ផលិតផលបរទេស។ ប៉ុន្តែបច្ចុប្បន្ន ស្មារតី និងសន្ទុះនៃការគាំទ្រផលិតផលខ្មែរមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរួមគ្នាគាំទ្រផលិតផលជាតិ ដោយសង្កត់ធ្ងន់ថា ប្រទេសនានាលើពិភពលោកតែងយកចិត្តទុកដាក់ការពារ និងលើកស្ទួយផលិតផលរបស់ខ្លួន ដូច្នេះកម្ពុជាក៏គួរបន្តជំរុញស្មារតីនេះឱ្យកាន់តែរឹងមាំផងដែរ។

ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ឈិន កេត អគ្គលេខាធិការ FASMEC បានបញ្ជាក់ថា លក្ខណៈពិសេសនៃពិព័រណ៍លើកទី៤នេះ គឺការជ្រើសរើសផលិតផលដោយយកចិត្តទុកដាក់ និងមានលក្ខណៈហ្មត់ចត់ជាងមុន ដោយផលិតផលដែលត្រូវដាក់តាំងបង្ហាញត្រូវមានការចុះបញ្ជីត្រឹមត្រូវ មានគុណភាព និងស្តង់ដាច្បាស់លាស់។ លោកបានបន្ថែមថា ពិព័រណ៍នេះមានគោលដៅសំខាន់ចំនួន៣ ​រួមមាន ផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ, បង្កើតឱកាសដល់អ្នកផលិតក្នុងការជួបពិភាក្សា និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូចែកចាយនៅទូទាំងប្រទេស ព្រមទាំងបណ្តុះស្មារតីចែករំលែក និងជំរុញការគាំទ្រស្នាដៃផលិតដែលជាសមិទ្ធផលរបស់កូនខ្មែរ។

ការរៀបចំពិព័រណ៍នេះមិនត្រឹមតែជាការបង្ហាញផលិតផល និងជំរុញការលក់រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ អ្នកលក់ដុំ និងភ្នាក់ងារចែកចាយ ដើម្បីបង្កើតឱកាសពង្រីកទីផ្សារ និងដោះស្រាយការលំបាករបស់សហគ្រាសមួយចំនួនដែលមានសមត្ថភាពផលិត ប៉ុន្តែខ្វះបណ្តាញចែកចាយ។ ជាមួយគ្នានេះការជ្រើសរើសផលិតផលដែលមានគុណភាព និងស្តង់ដាក៏ជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។

ទន្ទឹមនឹងនេះ FASMEC នឹងបន្តជួយជ្រោមជ្រែងអ្នកផលិតនៅទូទាំង២៥រាជធានី-ខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងធនធាន និងទីផ្សារ និងជំរុញការកែលម្អគុណភាព ស្តង់ដា និងសមត្ថភាពផលិត។ ការរៀបចំពិព័រណ៍នេះត្រូវបានរំពឹងថា នឹងក្លាយជាឱកាសសំខាន់សម្រាប់ផ្សព្វផ្សាយសមត្ថភាពផលិតក្នុងស្រុក បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងជំរុញការតភ្ជាប់ទីផ្សារ ដើម្បីលើកស្ទួយសហគ្រាសខ្មែរ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ​៕