ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រជា​ធិប​តេយ្យ​នៅ​អាមេរិក​ខឹ.ង​ស.ម្បារ​នឹង​ការ​ដក​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​មិន​បាន​​សម្រេច​​​​

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ប្រជា​ធិប​តេយ្យនៅ​អាមេរិក​កំពុង​តែ​មួរ​ម៉ៅ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​ដែល​រដ្ឋ​សភា​រារាំង​មិន​​ឱ្យ​ដក​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​ លោក​ភីត​ ហេក​សិត​ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​សង្គ្រាម​អ៊ីរ៉ង់ និង​នាំ​ឱ្យ​គណ​បក្ស​សា​ធារណ​រដ្ឋ​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​។ ករណី​នេះ​ចូល​លក្ខ​ណៈ​បាត​ឆ្នាំង​មិន​ក្ដៅ​ បែរ​ជា​ក្ដៅ​គ្រប​ឆ្នាំង​មុន​។ តាម​ពិត​ គួរ​ណាស់​គណ​បក្សប្រជា​ធិប​តេយ្យ​សប្បាយ​ចិត្ត​ដែល​ខ្លួន​ទទួល​ជ័យ​ជម្នះ និង​​ដណ្ដើម​បាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​។

អ្នក​តំណាង​រាស្ត្រ​អាមេរិកាំង​ម្នាក់​ឈ្មោះ​​អាឡិច​សាន់​​ឌ្រា​ អូកាស៊ីអូ​ គ័រ​តេស​ (Alexandria Ocasio-Cortez) ថ្លែង​ថា​ក្រុម​អ្នក​តំណាង​រាស្ត្រ​ចាំ​បាច់​ត្រូវ​តែ​ស្រុះ​ដៃ​គ្នា​ដើម្បី​បំពេញ​ការ​ងារ​របស់​ខ្លួន​។ ​ការ​ថ្លែង​ដូច​នេះ​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ១១​រូប​​អវត្ត​មាន​ពី​កន្លែង​ប្រជុំ​នៅ​ពេល​ត្រូវ​​​បោះ​ឆ្នោត​ដក​តំណែង​លោក​ភីត​ ហេក​សិត​។ អវត្ត​មាន​នេះ​ប្រៀប​បាន​នឹង​ការ​សម្លាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដក​តំណែង​របស់​លោក​​​ដូច្នេះ​ដែរ​។ អ្នក​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​ញូយ៉ក​រូប​នេះ​ថ្លែង​ថា​ប្រជា​ជន​បោះ​ឆ្នោត​ឱ្យ​យើង​មក​អង្គុយ​នៅ​អាសនៈ​នេះ​ដើម្បី​ឱ្យ​យើង​បំពេញ​ការ​ងារ​របស់​យើង​។ ខ្ញុំ​មិន​ដឹង​ថា​តើ​អ្នក​ដែល​អវត្ត​មាន​នោះ​មាន​បញ្ហា​សុខ​ភាព​ពិត​មែន ឬ​ក៏​មាន​អ្វី​ផ្សេង​។

អ្នក​តំណាង​រាស្ត្រ​រូប​នេះ​សង្ឃឹម​ថា​សភា​ខង់​ហ្ក្រែស​នឹង​មិន​​រង់​ចាំ​រហូត​ដល់​មាន​កិច្ច​ប្រជុំ​នីតិ​កាល​ថ្មី​ដើម្បី​ដក​តំណែង​លោក​ហេក​សិត​ទេ​។ កាល​ពី​យប់​មិញ រដ្ឋ​សភា​បោះឆ្នោត​ដោយ​សំឡេង​២១១​ជំទាស់​ ទល់​នឹង​២០៤​សំឡេង​គាំទ្រ​សេចក្ដី​ស្នើ​ច្បាប់​ដើម្បី​ដក​តំណែង​លោក​ភីត​ហេក​សិត​។ ដូច​នេះ ផែន​ការ​ដក​តំណែង​របស់​លោក​ត្រូវ​ជាប់​គាំង​ទាំង​កណ្ដាល​ទី​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​ លោក​អាប់​ឌុល​ អែល​សាយេត (Abdul El-Sayed) ចោទ​ជា​សំណួរ​ថា​​តើ​លោក​ភីត​ ហេក​សិត​មាន​សមត្ថ​ភាព​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិដែរ​ឬទេ​។

លោក​សូម​ជំរុញ​​ឱ្យ​លោក​ភីត​ ហេក​សិត​លាលែង​ពី​តំណែង​ឱ្យ​ហើយ​ទៅ​ កុំ​ឱ្យ​គេ​ដេញ​ទាន់​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន លោក​អែល​សាយេត​និយាយ​សំដៅ​ទៅ​រក​លោក​ភីត​ ហេក​សិត​ពីចម្ងាយ​ថា​ «តើ​លោក​បន្ត​កាន់​តំណែង​នេះ​ដល់​ណា​ទៀត​? លោក​មិន​ស័ក្ដិ​សម​នឹង​ការ​ងារ​នេះ​ទេ​។ លោក​បំពេញ​ការ​ងារ​មិន​បាន​ល្អ​ទាល់​តែ​សោះ​។ លោក​​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​នេះ​នៅ​ក្នុង​ផ្លូវ​ខុស។ លោក​លា​លែង​ពី​តំណែង​ឱ្យ​ហើយ​​ទៅ​ដើម្បី​​ឆាប់​ចប់​រឿង​ ជា​ជាង​រង់​ចាំ​​ឱ្យ​គេ​ដក​​តំណែង​របស់​លោក»​៕ ប្រភព៖ Al Jazeera​