រាជធានីភ្នំពេញ ៖ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនប្រធានសហព័ន្ធសហជីព ប្រចាំខែវិច្ឆិកា សរុបចំនួន ១៥១រូប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ ជំនួបនេះរៀបចំឡើងក្នុងទិសដៅពង្រឹងភាពជាដៃគូ រវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការបន្តពិនិត្យដោះស្រាយបញ្ហា ជូនបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកនូវសំណូមពរ បញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ។

ថ្លែងទៅកាន់អង្គប្រជុំ រដ្ឋលេខាធិការបានកោតសរសើរ ចំពោះវឌ្ឍនភាពការងារ និងបានវាយតម្លៃខ្ពស់ ចំពោះបងប្អូនសហព័ន្ធសហជីព ទាំងអស់ដែលបានបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំ នាពេលកន្លងមកយ៉ាងយកចិត្តទុកដាក់ ជាពិសេសការចុះពង្រឹងរចនាសម្ព័ន្ធតាមមូលដ្ឋាន ប្រជុំផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ ។ ក្រៅពីនេះ ក៏បានបង្ហាញពីការលើកកម្ពស់កិច្ចសហការល្អរវាងថ្នាក់ដឹកនាំសហគ្រាស និងកម្មករនិយោជិត និងការរក្សាបាននូវការងារសមរម្យ រក្សាកំណើនវិនិយោគ ដើម្បីបង្កើតការងារថ្មីៗ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ។

ទន្លឹមនឹងនេះ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធ សហជីពបន្តចែករំលែក និងខិតខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធ ជាមួយសហជីពមូលដ្ឋានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា ក៏ដូចជាការផ្ដល់ទំនុកចិត្តជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងត្រូវណែនាំដល់សហជីពមូលដ្ឋាន ឱ្យប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្ដីឱ្យបានសមរម្យជាដើម ។
លោកក៏បានជំរុញឱ្យមានការចូលរួម លើកកម្ពស់កិត្តិយសជាតិ ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជានាសប្តាហ៍ក្រោយនេះ ដោយលោកបានគូសបញ្ជាក់ថា ក្រសួងបានខិតខំរៀបចំផ្ដល់ជាមធ្យោយបាយ សម្រាប់ផ្តល់ព័ត៌មាន រួមមាន៖ លេខទូរសព្ទរបស់មន្ត្រីជំនាញ ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម និងលេខ Hotline ១២៨៦ ក្នុងការជួយសម្របសម្រួល និងដោះស្រាយ ដើម្បីបញ្ចៀសរាល់ពេល មានវិវាទកើតឡើងផ្សេងៗ នាំឱ្យបងប្អូនកម្មករធ្វើការតវ៉ាទាមទារ ដោយខុសនីតិវិធី ។

ជាមួយគ្នានេះ តំណាងសហព័ន្ធសហជីពក៏បានលើក នូវមតិយោបល់ និងសំណូមពរមួយចំនួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងមានតម្លាភាព ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការជាមួយក្រសួង សម្រាប់ការពារផលប្រយោជន៍កម្មករនិយោជិត ។ ទន្ទឹមនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងដែលតែងតែគាំទ្រសហព័ន្ធសហជីព ព្រមទាំងផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មនិយោជិត ៕ អត្ថបទសហការ











ចែករំលែកព័តមាននេះ