ឃាត់ខ្លួនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណីកា.ប់ប្រហារបុរសម្នាក់ឱ្យរងរបួ.សធ្ងន់នៅខេត្តក្រចេះ
- ក្រចេះ
ខេត្តក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើកាំបិតផ្គាក់កាប់ប្រហារទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង កាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមព័ត៌មានដែលទទួលបាន ជនរងគ្រោះឈ្មោះ នាង សុផារ៉ា ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងហេតុការណ៍នេះ ជនរងគ្រោះបានរងរបួសក្បាលចំនួន៤ថ្នេរ កែងដៃចំនួន៣ថ្នេរ និងកែងជើងចំនួន៣ថ្នេរ ដោយសារត្រូវជនសង្ស័យ២នាក់ប្រើកាំបិតផ្គាក់កាប់ប្រហារ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ព្រមទាំងបានដាក់ពាក្យបណ្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះទៅដល់ទីតាំងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២ និង៥០នាទីរសៀល កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តក្រចេះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ធ្វើការកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។
ជនសង្ស័យទាំងពីរនាក់ រួមមាន៖ ទី១. ឈ្មោះ ផាន សុផា ភេទប្រុស អាយុ១៩ឆ្នាំ និងទី២. ឈ្មោះ ឆាន សង្ហា ភេទប្រុស អាយុ៣៤ឆ្នាំ។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ នាង សុផារ៉ា ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដោយឡែកវត្ថុតាងត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែកព័តមាននេះ