ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះមហាក្សត្រ និង​ប្រធានាធិបតី​បារាំងនឹង​យាង​អញ្ជើញ​សម្ពោធ «​ប្រាសាទមេបុណ្យខាងលិច»នៅ​ខេត្តសៀមរាប

53 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ​(Emmanuel Macron ) ​ប្រធានាធិបតី​នៃ​សា​ធារណ​រដ្ឋ​បារាំង មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជានឹង​ប្រព្រឹត្ត​ទៅ​ ចាប់ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាង​មុខ​នេះ តប​តាម​ការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យោង​តាម​កម្មវិធី​ផ្លូវការ​​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ព្រះករុណា​​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ឯកឧត្តម ប្រធានាធិបតី​បារាំង នឹង​យាង​​អញ្ជើញ​ក្នុង​ព្រះរាជ​ពិធី​បិទ​ការដ្ឋាន​ជួសជុល និង​សម្ពោធ​ប្រាសាទមេបុណ្យខាងលិច (​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍​ខាងលិច​) ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ​។

ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ មិន​ត្រឹមតែ​ជា​ការ​រឹតចំណង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​បារាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធិ​ក្នុង​ការ​អភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ក្រោម​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ​ផង​ដែរ​។

សូម​ជម្រាប​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ព្រមទាំង​លោក​ជំទាវ​ទី​មួយ ប្រ៊ី​ហ្ស៊ី​ត ម៉ា​ក្រុង នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្រប​ពេល​នៃ​ការ​ចូលរួម​កិច្ចប្រជុំ កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ​។

ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ម​ហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះ​បរមរាជវាំង​ ។

ឯកឧត្តម​ប្រធានាធិបតី​នឹង​ជួប​ប្រជុំ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

ទន្ទឹម​នេះ ឯកឧត្តម​ប្រធានាធិបតី​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ជាមួយ​ព្រះករុណា ព្រះមហា​ក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​បិទ បញ្ចប់​គម្រោង​កែ​លម្អ​ប្រាសាទមេបុណ្យខាងលិច នៅ​ខេត្តសៀមរាប ​។

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង មក​កម្ពុជា​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដំបូង​បំផុត បន្ទាប់​ពី​ទស្សនកិច្ច​ជា ប្រវត្តិសាស្ត្រ​របស់​ឯក​ឧ ត្តម​ប្រធានាធិបតី ហ្សា​ល ដឺ​ហ្គោ​ល នៅ​ឆ្នាំ​១៩៦៦ និង​ទស្សនកិច្ច​របស់​ឯកឧត្តម ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ មី​តេ​រ៉​ង់ នៅ​ឆ្នាំ​១៩៩៣​។

ប្រភព​បាន​លើក​ឡើង​ថា​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង និង​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និង​ការពារ​ជាតិ​ ។ ទាំងនេះ​នឹង​ផ្តល់​នូវ កាលានុវត្តភាព​ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី បើក​ទំព័រ​សករាជ​ថ្មីនៃ​ទំនាក់ទំនង​កម្ពុជា​-​បារាំង និង​កិច្ច​សហប្រតិបត្តិការ ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​៕