ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាស្នើឱ្យភាគី តួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅកម្ពុជា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ស្នើ​ឱ្យ​ភាគី​តួ​ក​គី​យ៉េ​ពិចារណា​បង្កើត​ការិយាល័យ​អនុព័ន្ធយោធា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ។

ការ​ស្នើ​នេះ ខណៈ​ឯកឧត្តម នាយ​ឧត្តម សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​អនុញ្ញាត​ឱ្យ​លោក​វរសេនីយ៍ឯក អឺស​ហ្គូ ប៊ូ​លេ​ន​អូស (Ozgur Bulent Us) នាយការិយាល័យ​អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​អគ្គ​បញ្ជាការដ្ឋាន ។

ក្នុង​ជំនួប​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​បាន​គូសបញ្ជាក់​ពី​ចំណងមិត្តភាព និង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​តួ​ក​គី​យ៉េ ដែល​មាន​រយៈពេល​៦៧​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​លើក​ឡើង​ពី​លទ្ធផល​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ប្រទេស​តួ​ក​គី​យ៉េ កាលពី​ខែតុលា ឆ្នាំ​២០២៦ ជា​ពិសេស​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​យោធា ដែល​ជា​មូលដ្ឋាន និង​ជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម អគ្គមេបញ្ជាការ បាន​បង្ហាញ​ជំនឿ​ថា កងទ័ព​កម្ពុជា និង​តួ​ក​គី​យ៉េ នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច និង​ព័ត៌មាន ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​បទល្មើស​បច្ចេកវិទ្យា ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម​យោធា មនុស្សធម៌ ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួម ។

ជាមួយ​គ្នា​នេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏​បាន​ស្នើ​ឱ្យ​ភាគី​តួ​ក​គី​យ៉េ​ពិចារណា​បង្កើត​ការិយាល័យ​អនុព័ន្ធយោធា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​តានតឹង និង​ផុយ​ស្រួយ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ​បាន​កែប្រែ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ឡើយ ។

ជា​ការ​ឆ្លើយ​តប លោក​វរសេនីយ៍ឯក អឺស​ហ្គូ ប៊ូ​លេ​ន​អូស បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គមេបញ្ជាការ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​គាំទ្រ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​យោធា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែតុលា​កន្លង​ទៅ​។

លោក​វរសេនីយ៍ឯក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សក្ដានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​ឧស្សាហកម្ម​យោធា​របស់​តួ​ក​គី​យ៉េ ដែល​អាច​ចូលរួម​ចំណែក​បំពេញតម្រូវការ​របស់​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​បាន​សន្យា​ថា​នឹង​លើកយក​សំណើ​បង្កើត​ការិយាល័យ​អនុព័ន្ធយោធា​តួ​ក​គី​យ៉េ​នៅ​កម្ពុជា​ផ្ទាល់ ជូន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​តួ​ក​គី​យ៉េ ដើម្បី​ពិនិត្យ និង​ពិចារណា ៕