ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សមាគម​កម្ពុជា​-​ជប៉ុន JCA ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​បណ្តុះបណ្តាល​ជំនាញ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​ពង្រីក​ឱកាស​វិនិយោគ

2 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម តា​កា​ហា​ស៊ី ហ្វូ​មី​អា​គី (Takahashi Fumiaki) ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន (JCA) និង​គណៈប្រតិភូ នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​ទីស្តីការក្រសួង​ ។

ជំនួប​នេះ​មាន​គោលបំណង​បង្ហាញ​ពី​វឌ្ឍនភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ដោយ​ផ្តោត​លើ​ការ​ធានា​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​តាម​បែប​ជប៉ុន ជំនាញ​បច្ចេកទេស​ក្រចក ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្នែក​ព្យាបាល​តាម​បែប​ជូ​ដូ និង​ការ​រៀបចំ​ប្រព័ន្ធ​គុណវុឌ្ឍិ​ សម្រាប់​អ្នក​ផ្តល់​សេវា​ថែទាំ​ ។

នា​ឱកាស​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​សំខាន់​ៗ រួម​មាន​៖ សាលា​បណ្តុះបណ្តាល​ដែល​ទទួលស្គាល់ និង​ការ​ធានា​គុណភាព​សម្រាប់​ការ​បណ្តុះបណ្តាល​តាម​បែប​ជប៉ុន​, ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​បច្ចេកទេស​ក្រចក​, មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ្នក​ព្យាបាល​តាម​បែប​ជូ​ដូ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​, ប្រព័ន្ធ​គុណវុឌ្ឍិ​សម្រាប់​អ្នក​ថែទាំ និង​ការ​ចូលរួម​របស់​ក្រុមហ៊ុន Libertas Administrative Scrivener Corporation លើ​ការ​បន្ត​សុពលភាព​ទិដ្ឋាការ និង​អន្តោប្រវេសន៍​ជាដើម ​។​ 

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​គាំទ្រ​ ចំពោះ​គំនិត​ផ្តួចផ្តើម​ទាំងនេះ ជា​ពិសេស​ក្នុង​ការ​ចាប់ផ្តើម​ទាក់ទាញ​ការ​វិនិយោគ​ ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​វិធីសាស្ត្រ​អាច​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ធំ​ៗ​ ឱ្យមក​បណ្តាក់ទុន​នា​ពេល​អនាគត ​។ ឯកឧត្តម​បាន​ជម្រាប​ជូន​ថា ការ​បណ្តុះបណ្តាល និង​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ការ​ថែរក្សា​សម្រស់ ការ​ថែរក្សា​ក្រចក និង​ការ​ថែទាំ​មនុស្ស​ចាស់ ដែល​មិន​ពាក់ព័ន្ធ​នឹង​នីតិវិធី​វេជ្ជសាស្ត្រ អាច​សហការ​អនុវត្ត​ជាមួយ​ក្រសួង​ការងារ ព្រមទាំង​ណែនាំ​ឱ្យ​វិនិយោគិន​ជប៉ុន​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​កម្រិត​ជំនាញ និង​គុណវុឌ្ឍិ​ដែល​ខ្លួន​មាន​បំណង​ផ្តល់​ជូន​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសហការ​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​ជំនាញ​ថែរក្សា​ក្រចក និង​ជំនាញ​ថែទាំ​មនុស្ស​ចាស់ ដោយ​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​កម្ពុជា ​ទទួល​បាន​បទ​ពិសោធ​អនុវត្ត​ជាក់ស្តែង តាម​រយៈ​ការ​ធ្វើការ​នៅ​ក្នុង​អាជីវកម្ម​ជប៉ុន មុន​នឹង​បន្ត​ទៅ​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន ​។ ឯកឧត្តម​ជឿជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម JCA នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ដើម្បី​បង្កើត​ឱកាស​ការងារ និង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង និង​កា​រត​ភ្ជាប់​រវាង​កម្ពុជា​-​ជប៉ុន ​ឱ្យ​កាន់តែ​ស្អិត​ល្មួត​ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម តា​កា​ហា​ស៊ី ហ្វូ​មី​អា​គី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ផ្តល់​បទ​ពិសោធ​ល្អ​ៗ និង​តែងតែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា រហូត​ធ្វើ​ឱ្យ​ក្រសួង​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សមាជិក JCA ​។ ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ JCA ក្នុង​ការ​ប្រែក្លាយ​ការ​ពិភាក្សា​ទៅ​ជា​សកម្មភាព​ជាក់ស្តែង និង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​រយៈពេល​វែង ជា​ពិសេស​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ជំនាញ​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ​៕ អត្ថបទសហការ