ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បទបញ្ជា​ហាមឃាត់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់ និង​ស៊ី​ស្សា

41 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​បទ​បញ្ជ ស្តី​ពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​លក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​បទ​បញ្ជ ស្តី​ពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​លក់ ការ​ផ្សាយពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្ដុក​ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស ។

បើ​តាម​បទបញ្ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា អនុលោម​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យ​មានគុណ​ភាព​ខ្ពស់ និង​សុខភាព​ល្អ ដែល​ជា​ទ្រព្យសកម្ម​ជាតិ​ដ៏​រឹង​មាំ​សម្រាប់ បង្កើន​តម្លៃ​សេដ្ឋកិច្ច លើកកម្ពស់​តម្លៃ​វប្បធម៌ និង​បង្កើត​គំនិត​ថ្មី​ៗ សំដៅ​ធានា​ចីរភាព​កំណើន​រយៈពេល​វែង និង​ជវភាព នៃ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ ក្នុង​រយៈពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា មានការ​រីក​រាលដាល​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ក្នុង​ចំណោម​កុមារ និង​យុវជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សង្គម សុខភាព​សាធារណៈ ជា​ពិសេស​សុខភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​។ ទន្ទឹម​នេះ ការ​ប្រើប្រាស់​ផលិតផល​ទាំងនេះ អាច​ជា​ច្រក​ផ្លូវ​ទៅ​កាន់ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ផ្សេង​ទៀត ព្រោះ​ប្រភេទ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ដូច​ជា​បារី​អេ​ឡិច​ត្រូ​និក ផលិតផល អេ​ច​ណ៍ ធី ភី អាច​ប្រើ​សម្រាប់​ជក់​គ្រឿងញៀន​ផ្សេង​ទៀត​បាន ព្រមទាំង​ជា​ច្រក​ផ្លូវ ដែល​នាំ​ឱ្យ​កុមារ​និង​យុវជន​ឈាន​ទៅ​ជក់បារី​ធម្មតា​ផង​ដែរ នៅ​ពេល​ដែល​ពួក​គេ​មាន​ភាព​ញៀន នឹង​សារធាតុ​នីកូទីន ដែល​ជា​កត្តា​នាំ​ដល់​កំណើន​នៃ​ជំងឺមិនឆ្លង​នៅ​ក្នុង​សង្គម​។

ក្នុង​គោលបំណង​ទប់ស្កាត់ បង្ការ ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ទាន់​ពេលវេលា និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ការពារ​សុខភាព​សាធារណៈ ជា​ពិសេស​សុខភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ រាជរដ្ឋាភិបាល​ដាក់​ចេញ​បទ​បញ្ជ ដូច​ខាងក្រោម ៖

១- ហាមឃាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​លក់ ការ​ផ្សាយពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្ដុក​ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា​គ្រប់​ប្រភេទ គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ ។

២- ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​ផ្សាយពាណិជ្ជកម្ម ការ​លក់ និង​ការ​ស្ដុក​ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ។

៣- ក្រសួងសុខាភិបាល ត្រូវ​ចេញ​សេចក្តីណែនាំ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​សុខភាព និង​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ។

៤- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ចេញ​សេចក្តីណែនាំ ដើម្បី​អប់រំ បង្ការ ទប់ស្កាត់ និង​ហាមឃាត់ ដាច់ខាត​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា នៅ​ក្នុង​និង​ជុំវិញ​បរិវេណ គ្រឹះស្ថានសិក្សា​សាធារណៈ គ្រឹះស្ថានសិក្សា​ឯកជន គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន អន្ត​វា​សិ​ក​ដ្ឋា​ន មជ្ឈមណ្ឌល​សិក្សា​សហគមន៍ កន្លែង​ហាត់ប្រាណ កន្លែង​លេង​កីឡា កន្លែង​ហ្វឹកហាត់​កីឡា និង​កន្លែង​ប្រកួត​កីឡា ។
៥- គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការ​នាំ​ចូល ការ​ចែកចាយ ការ​លក់ ការ​ផ្សាយពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា នៅ​តាម​មូលដ្ឋាន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

៦- គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ ហាមឃាត់​ចំពោះ មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន លើ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ឬ​មានការ​ពាក់ព័ន្ធ​នឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា​នេះ ។

៧- គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា ដែល​ប្រើប្រាស់ និង​/​ឬ​កាន់កាប់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា​គ្រប់​ប្រភេទ និង​ត្រូវ​ព្រមាន ដោយ​ផ្ទាល់មាត់ ព្រមទាំង​ដកហូត​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា​។ ករណី​មិន រាងចាល ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើប្រាស់ ។

៨- គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន គតិ​យុ​ត្ត​ជា​ធរមាន​ចំពោះ​បុគ្គល​ណា​ដែល​បាន​ចែកចាយ លក់ ស្តុក​ទុក ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឬ​ផ្សព្វផ្សាយ លក់​ផលិត និង​/​ឬ​នាំ​ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា តាម​មធ្យោបាយ​ណា ក៏​ដោយ ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ដកហូត និង​ព្យួរ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ដែល​ចេញ​ដោយ​ក្រសួង ស្ថាប័ន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ទោះជា​ប្រភេទ អាជីវកម្ម សេវាកម្ម​អ្វី​ក៏​ដោយ ។

៩- គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ចំពោះ​មន្តី រាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន លើ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ឬ​មានការ​ពាក់ព័ន្ធ​នឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ។

គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុ​វត្តបទ​បញ្ហា​នេះ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ