ខេត្តកំពត ៖ ទារិកកាម្នាក់ត្រូវបានគេយកមកប្លុងចោល នៅពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅលើគ្រែមុខផ្ទះប្រជាពលរដ្ឋភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

បើតាមការឱ្យដឹងពីលោក យឹម ស៊ីថា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ គឹម កុលាប អាយុ៤១ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះ ដែលគេលួចយកទារិកានេះមកប្លុងឱ្យបាននិយាយឱ្យដឹងថា នៅវេលាម៉ោងជិត៤ទៀបភ្លឺ គាត់បានឮសូរសំឡេងកូនង៉ែតយំ ហើយពេលនោះ កូនគាត់ក៏បានចេញមកបើកទ្វាររកមើល ស្រាប់តែឃើញទារិកាតូចម្នាក់ដេកយំ ដោយមានគ្របក្រណាត់អាវ ហើយមានប្រឡាក់ឈាមផង ពេលនោះគាត់ភ័យផង អរផង រត់ចេញមកបីថ្នាក់ថ្នម ហើយបានដឹងថា កូនង៉ានេះ គឺមានគេយកមកប្លុងឱ្យគាត់ហើយ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាមកចោមរោមមើល និងអ្នកភូមិខ្លះបានលាន់មាត់ថា ធ្លាប់តែឮគេនិយាយថា ខេត្តគេ ស្រុកគេ មានករណីប្លុងកូនចោល តែឥឡូវដល់ស្រុកឯងហើយ ពិតជាចម្លែកណាស់ ។

ម្ចាស់ផ្ទះទាំងពីរនាក់ប្ដី-ប្រពន្ធ បាននាំទារិកានេះទៅឱ្យគ្រូពេទ្យស្រុកបន្ទាយមាសជួយសម្អាត ព្រោះទារិកានេះ ត្រូវបានម្ដាយសម្រាលហើយក៏យកមកប្លុងឱ្យតែម្ដង ព្រោះប្រឡាក់ឈាមស្រស់ៗ ហើយត្រូវបានគ្រូពេទ្យចងផ្សិតតាមបច្ចេកទេសពេទ្យ ។
លោក សុខ មាន នាយនគរបាលប៉ុស្តិ៍ទូកមាសខាងលិចបានប្រាប់ឱ្យដឹងថា ទារិកានេះ ត្រូវបានគេជិះម៉ូតូយកមកប្លុងឱ្យលោកអនុប្រធានភូមិព្រៃធំ បានជាហ៊ាននិយាយថា ប្លុងឱ្យនេះ ដោយសារតែម្ដាយទារិកានេះយកមកដាក់លើគ្រែមុខផ្ទះលោកអនុប្រធានភូមិ ។ លោកនាយប៉ុស្តិ៍ប្រាប់បន្តថា បើតាមពិនិត្យមើលភិនភាគទារិកាដែលគេយកមកប្លុងចោលនេះ ម្ដាយរបស់គេមិននៅឆ្ងាយទេ ។

មានការរិះគន់មិនសំចៃមាត់ទៅលើស្ត្រីជាម្ដាយទារិកា ដែលមិនទទួលខុសត្រូវខ្លួនជាម្ដាយ ហេតុអ្វីក៏យកកូនរបស់ខ្លួនមកប្លុងឱ្យគេបែបនេះ ?
ទោះជាបែបណា ទារិកាមិនខ្វះអ្នកចង់បាននោះទេ ត្រូវបានគេសុំយកទៅចិញ្ចឹមជាច្រើនគ្នា ប៉ុន្តែលោកអនុប្រធានភូមិ និងប្រពន្ធឈ្មោះ គឹម កុលាប ដែលមានកូនតែ២នាក់មិនឱ្យទៅគេទេ គឺយកចិញ្ចឹមដោយខ្លួនឯង ដោយគាត់និយាយថា លាភមកដល់ផ្ទះហើយ ៕
ចែករំលែកព័តមាននេះ