ប្រទេសកូរ៉េខាងជើង ៖ ជាលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាង ត្បូងមក លោកLEE JAE MYUNG ស្វែងរកកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង តែនាថ្ងៃទី២២តុលា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ ។ ការបាញ់សាកមីស៊ីលទាំងនោះធ្វើឡើងខណៈសល់ពេលតែ១០ថ្ងៃទៀតដល់ថ្ងៃប្រជុំកំពូលរបស់APEC ដោយក្នុងឱកាសនោះក៏មានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែរ។
ការបាញ់មីស៊ីលទាំងនោះរបស់កូរ៉េខាងជើង ក៏ជាលើកដំបូងដែរ ចាប់តាំងពីលោកLEE JAE MYUNG ចូលកាន់តំណែងប្រធានាធិបតីពីខែមិថុនាមក។ កងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា បានចាប់ឃើញមីស៊ីលច្រើនគ្រាប់ ដែលប្រហែលជាមីស៊ីលបាលីស្ទិករយៈខ្លីបាញ់ចេញពីតំបន់ជុងហ្វា ក្នុងខេត្តHWANGHAEខាងជើងនាវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២២តុលា។ កូរ៉េខាងជើងក៏ធ្លាប់បាញ់មីស៊ីលច្រើនបែបនេះកាលពីដើមខែឧសភាដែរ។
មេដឹកនាំសំខាន់ៗរបស់ពិភពលោកក្នុងនោះមានលោកដូណាល់ត្រាំដែរ នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថាAPEC ពីថ្ងៃទី៣១តុលាដល់ថ្ងៃទី១វិច្ឆិកានៅក្រុងGYEONGJU ។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវមកដល់កូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៩តុលាទៅ ។
ប្រធានាធិបតិអាមេរិកលោកដូណាល់ត្រាំ ធ្លាប់ថ្លែងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនម្ដងទៀត ប្រហែលជាក្នុងឆ្នាំនេះបន្ទាប់ពីមេដឹកនាំទាំង២ ធ្លាប់ជួបគ្នា៣លើករួចមកហើយ កាលក្នុងអាណត្តិទីមួយរបស់លោកគឺ ខែមិថុនាឆ្នាំ២០១៨នៅសឹង្ហបុរី ខែកុម្ភៈឆ្នាំ២០១៩ជួបគ្នានៅវៀតណាម បន្ទាប់មកក្នុងខែមិថុនាឆ្នាំដែលនោះ ជួបគ្នានៅព្រំដែនរវាងកូរ៉េទាំង២។ ប៉ុន្តែការចរចាត្រូវបរាជ័យដោយអាមេរិកមិនអាច អូសទាញកូរ៉េខាងជើងឲ្យធ្វើសម្បទានណាមួយទាក់ទិនការព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។
កាលពីខែកញ្ញាលោកគីមជុងអ៊ុនធ្លាប់លើកឡើងថា លោកត្រៀមធ្វើការទាក់ទងគ្នាឡើងវិញជាមួយអាមេរិក ដោយលោករហូតដល់អះអាងថា លោកមានអនុស្សាវរីយ៍ល្អៗជាមួយលោកត្រាំ ប៉ុន្តែលុះត្រាអាមេរិកបោះបង់ចោលគំនិតមិនឲ្យប្រទេសលោកមានអាវុធនុយក្លេអ៊ែរ ។ ទន្ទឹមនឹងនេះកូរ៉េខាងជើងខិតខំពង្រីកនិងអភិវឌ្ឍកម្មវិធីយោធារបស់ខ្លួន៕
ចែករំលែកព័តមាននេះ