ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បង្កើត​ក្រុមបច្ចេកទេស​ដាំ​ដំណាំសម្រាប់​សហគមន៍​តាំងទី​លំនៅ​ថ្មី ដើម្បី​ជំរុញ​សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច​គ្រួសារ

43 វិនាទី មុន

ខេត្តស្ទឹងត្រែង ៖ ​ដើម្បី​លើកកម្ពស់​ជីវភាព និង​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​តំបន់​តាំងទី​លំនៅ​ថ្មី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ចាត់វិធានការ​សំខាន់ ដោយ​បាន​បង្កើត​និង​បោះ​ឆ្នោត​ជ្រើសរើស ក្រុម​ផលិតកម្ម…

ខេត្តស្ទឹងត្រែង ៖ ​ដើម្បី​លើកកម្ពស់​ជីវភាព និង​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​តំបន់​តាំងទី​លំនៅ​ថ្មី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ចាត់វិធានការ​សំខាន់ ដោយ​បាន​បង្កើត​និង​បោះ​ឆ្នោត​ជ្រើសរើស ក្រុម​ផលិតកម្ម សហគមន៍​ដី​សម្បទាន​សង្គមកិច្ច ចំនួន ០៥ក្រុម នៅ​ឃុំ​ស្រែ​គរ ស្រុក​សេ​សាន ក្រោម​ការ​សហការ​ជាមួយ​គម្រោង LASED III ។ គោលបំណង​ចម្បង​ គឺ​ដើម្បី​ដឹកនាំ ពង្រឹង​ផែនការ​ធ្វើ​សកម្មភាព​ដាំ​ដំណាំ​កសិកម្ម​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ប្រកបដោយ​និរន្តរភាព ​។

ថ្លែង​ក្នុង​ឱកាស​ចុះ​សហការ​ជាមួយ​គម្រោង LASED III នៅ​ឃុំ​ស្រែ​គរ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​គូសបញ្ជាក់​ថា​ ៖ «​ផែនការ​សកម្មភាព​នេះ​នឹង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ​ដែល​បាន​ទៅ​តាំងទី​លំនៅ​ថ្មី ឱ្យ​មាន​ស្ថានភាព​រស់នៅ​សមប្រកប ហើយ​ប្រែក្លាយ​ផ្ទៃដី​ថ្មី ​ដែល​ពួក​គាត់​ទទួល​បាន​ពី​រាជរ​ដ្ឋាភិ​បាល មាន​ភាព​បៃតង​ជា​ដំណាំ​ក​សិកម្ម​ជំនួស​ព្រៃឈើ​»​។

លោក​ប្រធាន​មន្ទីរ ក៏​បាន​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ​ដែល​បាន​ចងក្រង​ជា​ក្រុម​ផលិត​ហើយ​នោះ ត្រូវ​ខិតខំ​ដាំ​ដុះ​នូវ​ដំណាំ ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ ក្នុង​គោលបំណង​ដើម្បី បង្កើន​សន្តិសុខ​ស្បៀង សម្រាប់​គ្រួសារ ក៏​ដូច​ជា​ការ​លក់ដូរ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ ។

លោក ឆិល វិបុល អនុប្រធាន​ផ្នែក​ផ្សព្វផ្សាយ​កសិកម្ម បាន​បញ្ជាក់​អំពី​យន្តការ​ នៃ​ការ​គាំទ្រ​បច្ចេកទេស​ដោយមន្ត្រី​ជំនាញ​បាន​ផ្តល់​វគ្គប​ណ្តុះ​បណ្តា
ល និង​បង្ហាញ​វិធីសាស្ត្រ​ដាំ​ដំណាំ​ទៅដល់​ប្រជា​កសិករ​រយៈពេល០៣​ថ្ងៃ ព្រមទាំង​បាន​បង្កើត​ក្រុមបច្ចេកទេស​ដាំ​ដុះ​ជាក់លាក់​ចំនួន​០៥​ក្រុម រួម​មាន ៖
-​ក្រុម​ផលិតកម្ម​ដំឡូង​មី
-ក្រុម​ផ​លិត​បន្លែ​ធម្មជាតិ
-ក្រុម​ផលិត​ស្រូវ​ធម្មជាតិ​
-ក្រុម​ផលិត​ស្វាយចន្ទីរ​ដី​ថ្មី
-ក្រុម​ផលិត​មាន់​ស្រែ​ធម្មជាតិ ។
វគ្គបណ្តុះបណ្តាល និង​ការ​បង្កើត​ក្រុម​នេះ មាន​អ្នកចូលរួម​សរុប​២១៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១២៣​នាក់ ដែល​បង្ហាញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​ ។

លោកស្រី ភាន ណា​ង ជា​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល បាន​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​ថា ពួក​គាត់​នឹង​ខិតខំ​អនុវត្ត​តាម​ការ​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ការ​មក​រស់នៅ​ភូមិ​ថ្មី​នេះ ពួក​គាត់​ពុំ​មាន​អ្វី​ពឹងផ្អែក​ជាង​ការ​ដាំ​ដំណាំ​កសិកម្ម​នោះ​ទេ ដែល​ក្រៅពី​សម្រាប់​បរិភោគ ក៏​អាច​លក់ដូរ​បាន​ប្រាក់​ចំណូល​បន្ថែម​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​សង្កត់ធ្ងន់​ថា ភាព​ជោគជ័យ​នៃ​គម្រោង​នេះ មិនមែន​បញ្ចប់​ត្រឹម​ការ​ផ្តល់​សម្ភារៈ និង​ពូជ​ដំណាំ​កសិកម្ម​នោះ​ឡើយ​។ មន្ទីរ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះតាមដាន​ជា​ប្រចាំ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម ឬ​ករណី​សត្វ​ចង្រៃ​យាយី​លើ​ផលដំណាំ ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ