ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែលក់គណនីធនាគារឱ្យក្រុមឆបោក WhatsApp លេបលុយជាង២៥ម៉ឺនដុល្លារ ទីបំផុតមនុស្ស៦នាក់ត្រូវឃាត់ខ្លួន

25 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​ជនអនាមិក លួច​ចូល​គ្រប់គ្រង​គណនី WhatsApp និង​ក្លែងបន្លំ​គណនី​ធនាគារ ឆបោក​ប្រាក់​ជន​រង​គ្រោះ ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ត​ថា យោង​តាម​បញ្ជា​ដឹកនាំ​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​ករណី​ជនសង្ស័យ​លួច​ចូល​គ្រប់គ្រង​គណនី WhatsApp និង​ក្លែងបន្លំ​គណនី​ធនាគារ ធ្វើ​សកម្មភាព​ឆបោក​មិត្ត​ភ​ក្កិ ដែល​ក្នុង​គ្រុប​អស់ ទឹកប្រាក់​សរុប ចំនួន​២៥៣,៩៩៩.៨៩ ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​ពាក់ព័ន្ធ​ករណី​ទិញ​-​លក់ គណនី​ធនាគារ​ថែម​ទៀត​ផង ។

តាម​រយ​:​ការ​ស្រាវជ្រាវ កម្លាំង​ជំ​ន​ញ បាន​រក​ឃើញ​ថា ជនសង្ស័យ​ពាក់​ព​ន្ធ័​ការ​លក់​គណនី​ធនាគារ​ជាង​២០​គណនី ទៅ​ឱ្យ​បណ្ដាញ​ក្រុម​ជន​ឆបោក និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់ ជនជាតិ​វៀតណាម​១​នាក់ (​ប្រុស​) និង​ជនជាតិ​ខ្មែរ​៥​នាក់ (​ស្រី​២​នាក់​)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់ នាយកដ្ឋាន បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ត្រូវ​បាន​ចៅក្រម នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្ដោះ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ព្រៃ​ស ពី​បទ «​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា​» បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៥ នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា ។

នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជៀសវាង​ដាច់ខាត​នូវ​ការ​ផ្តល់ ឬ​ជួល​គណនី​ធនាគារ លេខ​ទូរស័ព្ទ និង​ឯកសារ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់ ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ផ្សេង​ៗ និង​ឈាន​ដល់​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ក្នុង​ករណី​មាន​បទល្មើស​កើតឡើង ៕