ទីក្រុងកៀវ៖ កាលពីយប់មិញ និងព្រឹកនេះ រុស្ស៊ីបញ្ជូនដ្រូន និងមីស៊ីលទៅវាយប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែនដូចសព្វមួយដង ប៉ុន្តែយប់មិញវាយប្រហារទីក្រុងកៀវខ្លាំងជាងគេបន្ទាប់ពីលោកត្រាំលុបចោលគម្រោងជួបគ្នាកម្រិតកំពូលជាមួយលោកពូទីននៅទីក្រុងប៊ូដាប៉ែស ប្រទេសហុងគ្រី។ អាជ្ញាធរអ៊ុយក្រែនអះអាងថាជារួម មនុស្សយ៉ាងតិច៦នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
រុស្ស៊ីវាយប្រហារលើកនេះមានលក្ខណៈជាខ្សែសង្វាក់ មានន័យថាបញ្ជូនដ្រូន និងមីស៊ីលទៅវាយប្រហារចប់មួយវគ្គហើយទើបបញ្ជូនទៅមួយវគ្គទៀត។ ទីក្រុងយ៉ាងតិចចំនួន៨រងការវាយប្រហារ។ ក្នុងនោះ នៅទីក្រុងកៀវមានហេតុការណ៍ឆេះអគារស្នាក់នៅរបស់ប្រជាជនមួយគ្រួសារដែលមានស្ត្រីមានកូនខ្ចីអាយុ៦ខែ និងកូនស្រីតូចអាយុ១២ឆ្នាំ។ គ្រាន់តែនៅទីក្រុងកៀវមួយប៉ុណ្ណោះ មនុស្សយ៉ាងតិច២៥នាក់រងរបួស។
ចំណែកខាគីវដែលជាទីក្រុងធំលំដាប់ទីពីររបស់អ៊ុយក្រែនក៏រងការវាយប្រហារផងដែរ។ រុស្ស៊ីវាយប្រហារដោយដ្រូនកាលពីព្រឹកថ្ងៃពុធនៅពេលក្មេងៗកំពុងស្ថិតនៅក្នុងអគារ។ ចៅហ្វាយក្រុងខាគីវ លោកអ៊ីហ័រ តេរ៉េកូស (Ihor Terekhov) ប្រាប់ថាមនុស្សម្នាក់ស្លាប់ និង៦នាក់រងរបួសនៅក្នុងហេតុការណ៍នោះ។ សំណាងល្អ គ្មានក្មេងណាម្នាក់រងរបួសទេ។
ទោះជាបែបនេះក្ដី ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាកុមារជាច្រើននាក់ស្លុតរន្ធត់នៅក្នុងចិត្តឥតឧបមាដោយសារពួកគេមើលឃើញការផ្ទុះគ្រាប់កាំភ្លើង ការស្លាប់ និងរបួសមនុស្សនៅនឹងមុខរបស់ពួកគេ។ កុមារទាំងនោះត្រូវគេនាំចេញពីអគារជាប្រញាប់។ កងទ័ពអ៊ុយក្រែនថ្លែងថាលើកនេះរុស្ស៊ីបញ្ជូនដ្រូនពិត និងដ្រូនបញ្ឆោតសរុប៤០៥គ្រឿង រួមទាំងមីស៊ីល២៨គ្រាប់ទៅវាយប្រហារអ៊ុយក្រែន។ រដ្ឋធានីកៀវជាផ្ទាំងស៊ីបធំជាងគេ។
លោកត្រាំលុបចោលគម្រោងជួបគ្នាជាមួយលោកពូទីន
ទោះបីលោកត្រាំស្នើសុំឱ្យបញ្ឈប់ការវាយប្រហារ និងវិលទៅរកតុចរចាគ្នាយ៉ាងណាក្ដី ប៉ុន្តែលោកពូទីនមិនស្ដាប់ទេ។ លោកនៅតែប្រកាន់ជំហររឹងមាំ និងមិនបន្ធូរដៃសូម្បីតែបន្តិច។ ដូច្នេះលោកត្រាំប្រកាសថាគម្រោងជួបគ្នានៅហុងគ្រីនោះត្រូវលុបចោលវិញហើយ។ ត្រាំថាលោកមិនត្រូវការជួបគ្នាទេនាំឱ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ ថ្នាក់ដឹកនាំអឺរ៉ុបចោទប្រកាន់ថាលោកពូទីនជាអ្នកយកជើងរាទឹកនៅក្នុងបញ្ហាចរចាគ្នា។
លោកហ្សេឡិនស្គីថ្លែងថាគំនិតរបស់លោកត្រាំល្អត្រង់ចំណុចដែលលោកស្នើសុំឱ្យកងទ័ពទាំងសងខាងដែលកំពុងឈរជើងនៅទីកន្លែងណាសូមនៅទីនោះជាបន្តទៀតចុះ។ ប៉ុន្តែសូមបញ្ឈប់សកម្មភាពយោធាទាំងស្រុងនៅទីតាំងឈរជើងរបស់ខ្លួន។ លោកហ្សេឡិនស្គីចាត់ទុកថាបើធ្វើបែបនេះបាន វាជាការបោះជំហានឆ្ពោះទៅរការចរចាគ្នា។ ពាក់ព័ន្ធនឹងគម្រោងជួបគ្នានៅហុងគ្រីនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងយល់ថាគេត្រូវត្រៀមខ្លួនឱ្យបានរៀបរយជាមុនសិន។ ហេតុនេះទម្រាំរៀបចំហើយត្រូវការពេលវេលាយូរ។ លោកប៉េស្កូសថ្លែងថាគ្មាននរណាចង់ខ្ជះខ្ជាយពេលវេលាទេទាំងលោកត្រាំ និងលោកពូទីន៕
ចែករំលែកព័តមាននេះ