ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ចំនួន ៨០គ្រួសារទទួលបានស្បៀងអាហារពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ចំនួន ៨០គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ក្នុងគ្រានោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យបានចែកអំណោយជូនប្រជាពលរដ្ឋទាំង៨០គ្រួសារ ដោយមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕
ចែករំលែកព័តមាននេះ