ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើននាក់ ទទួលបានការពិនិត្យព្យាបាលជំងឺភ្នែក និងគ-ថ្លង់ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលានេះ បានឱ្យដឹងថា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ដែលបានលះបង់ពេលវេលាចុះពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន និងពិនិត្យជំងឺគ-ថ្លង់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ជិត វិមានឯករាជ្យ)។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និង ព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែក មួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ គឺយើងត្រូវ ទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីថ្ងៃនេះ គឺពុំមានការបង់ថ្លៃ សេវាព្យាបាលនោះឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានសំណូមពដល់ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សូមបន្តសកម្មភាពសប្បុរសធម៌ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្អូនប្រជាពលរដ្ឋ នា ពេលក្រោយៗ បន្តទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រផង៕
ចែករំលែកព័តមាននេះ