បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយ និងសិក្សាឈ្វេងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តឱ្យបានច្រើនបន្ថែមទៀត។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តឱ្យបានច្រើនបន្ថែមទៀត។
កិច្ចប្រជុំនេះបានឯកភាព និងសម្រេចទាំងស្រុងលើខ្លឹមសារប្រវត្តិល្អាងនានាដើម្បីត្រៀមរៀបចំចារឹកឡើងសម្រាប់តាំងបង្ហាញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅផ្ទាល់តែម្ដងក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្តម សុខ លូ ក៏បានដឹកនាំពិភាក្សាលើការរក្សាដីចំណីផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងពីរង្វង់មូលនាងរំសាយសក់ទៅដល់ភ្នំសំពៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវ និងលើកកម្ពស់សោភណភាពនៅតាមទីប្រជុំជន៕
ចែករំលែកព័តមាននេះ