រាជធានីភ្នំពេញ ៖ ពុំដឹងថា មានវិបត្តិអ្វីនៅក្នុងគ្រួសារនោះទេ ទើបបុរសម្នាក់ត្រូវប្រពន្ធនាំកូនរត់ចោលបាត់ ជាហេតុធ្វើឲ្យបុរសនេះតូចចិត្តយ៉ាងខ្លាំង រហូតលែងចង់រស់តទៅទៀត។ បន្ទាប់មកក៏បានបញ្ចប់ជីវិតខ្លួន ប៉ុន្តែពីកន្លែងមួយ ទៅកន្លែងមួយទៀត ៣កន្លែងសុទ្ធតែត្រូវបានប្រជាពលរដ្ឋឃើញ និងជួយសង្គ្រោះទាន់រហូត ទើបមិនស្លាប់តាមបំណងឡើយ ។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសនោះបាននិយាយថា ខ្លួនឈ្មោះ ចាន់ ថន អាយុ២០ឆ្នាំ មិនមានមុខរបរពិតប្រាកដនោះទេ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ ខ្លួនមានប្រពន្ធ និងកូនស្រីម្នាក់អាយុ២ឆ្នាំ ប៉ុន្តែប្រពន្ធបាននាំកូនស្រីរត់ចោលទៅនៅស្រុកកំណើតឯខេត្តសៀមរាប បាត់២០ថ្ងៃមកហើយ ។ ដែលបានធ្វើឲ្យខ្លួនតូចចិត្តខ្លាំងណាស់ រហូតលែងចង់រស់តទៅទៀតហើយ ក៏សម្រេចចិត្តបញ្ចប់ជីវិតដោយការចងកបែបនេះតែម្ដង ប៉ុន្តែមិនបានសម្រេចតាមបំណងសោះ ។
បើតាមប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុបុរសនេះ បានកាន់ខ្សែនីឡុង ១ខ្សែ ដើរទៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិកើតហេតុនោះ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះជួលឃើញទាន់ ហើយក៏បានស្រែកឡូឡា ដេញចេញពីទីនោះ ។ បន្ទាប់មក បុរសនេះបានរត់ចូលទៅក្នុងតារាងបាល់ទះមួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅជិតនោះដែរ រួចក៏ចងកនៅទីនោះ ប៉ុន្តែចងជិតរួចទៅហើយ ត្រូវបានពួកគាត់(ប្រជាពលរដ្ឋ) ឃើញទាន់ក៏បានជួយ និងចេញជាលើកទី២ទៀត ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យបន្តទៀតថា ក្រោយមកបុរសនេះ ក៏បានរត់ចេញ ពីតារាងបាលទះខាងលើ ចូលទៅក្នុងដីឡូត៌មួយ ស្ថិតនៅជិតនោះ រួចចងកនៅក្នុងរោងដែក គ្មានដំបូលមួយខ្នង ខណៈនោះចងរួចទៅហើយ ប៉ុន្តែត្រូវអ្នកនៅជិតនោះឃើញទាន់ រត់ទៅជួយទើបមិនស្លាប់ ។ ពេលនោះពួកគាត់ ក៏បានសួរនាំថា ហេតុអ្វីបានចង់សម្លាប់ខ្លួន ? បុរសនេះឆ្លើយថា តូចចិត្តប្រពន្ធរត់ចោល២០ថ្ងៃហើយ លុះពេលពួកគាត់សួរទៀតថា តើមូលហេតុអ្វីទើបប្រពន្ធរត់ចោល ? បុរសខាងលើគ្រាន់តែប្រាប់ថា ឈ្លោះគ្នា ប៉ុន្តែមិនបានប្រាប់ឲ្យដឹងថា ឈ្លោះរឿងអ្វីនោះឡើយ ។
ប្រភពដដែល បានប្រាប់បន្ថែមថា បន្ទាប់មកដោយខ្លាចបុរសនេះ រត់ទៅចងកនៅកន្លែងផ្សេងទៀត ជួយលែងបាន ពួកគាត់ក៏បានរាយការណ៍ជូនលោកមេភូមិជ្រៃកោង ឲ្យចុះទៅនាំយកបុរសនោះ ទៅផ្ទះលោកមេភូមិ។ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ឲ្យទៅទទួលយកបុរសនេះត្រលប់ទៅផ្ទះ និងនាំឲ្យជួបប្រពន្ធកូនវិញ ដើម្បីដោះស្រាយគ្នា ។ ប៉ុន្តែក្រោយមកបុរសនេះ បានសុំលោកមេភូមិ ទៅវត្តកំបូល ខណ្ឌកំបូល ហើយលោកមេភូមិជ្រៃកោង ក៏បានជួលម៉ូតូកង់បី ឲ្យដឹកជូនបុរសនោះ ទៅកាន់វត្តកំបូល តាមបំណងហើយ ៕



ចែករំលែកព័តមាននេះ