ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋថា ផ្លូវ​១​ខ្សែ​នេះ ​ខូចខាត​យូរ​ឆ្នាំហើយ ពិបា.កធ្វើ​ដំណើរខ្លាំងណាស់​

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្លូវ​មួយ​ខ្សែ​ដែល​បាន​ត​ភ្ជាប់​ពី​ភូមិ​ទួល​ធ្នង់ និង​ភូមិ​ខោ​ប ក្នុង​សង្កាត់​រការ​ធំ ក្រុង​ច្បារមន ប្រវែង​ជាង​១​គីឡូម៉ែត្រ រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ​រាល់ថ្ងៃ ។ ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ មាស…

ខេត្តកំពង់ស្ពឺ​៖ ផ្លូវ​មួយ​ខ្សែ​ដែល​បាន​ត​ភ្ជាប់​ពី​ភូមិ​ទួល​ធ្នង់ និង​ភូមិ​ខោ​ប ក្នុង​សង្កាត់​រការ​ធំ ក្រុង​ច្បារមន ប្រវែង​ជាង​១​គីឡូម៉ែត្រ រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ​រាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ មាស សា​រឿ​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​ទួល​ធ្នង់ សង្កាត់​រការ​ធំ ក្រុង​ច្បារមន បាន​និយាយ​ឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការ​ខូចខាត​ជា​យូរ​ឆ្នាំ​មក​ហើយ ប្រវែង ប្រហែល​ជាង​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ គាត់​ជា​ប្រជាពលរដ្ឋ រស់នៅ​កន្លែង​នេះ​ពិបាក​ខ្លាំង​ណាស់ រដូវភ្លៀង​ធ្លាក់​បែក​ភក់​មានទឹក​ដក់ និង​ជង្ហុក​តូច​ធំ នៅ​រដូវប្រាំង​មាន​សភាព​ហុយ គឺ​ពិបាក​ក្នុង​ការ​រស់នៅ​ណាស់​។

លោកស្រី មាស សារឿ​ន បាន​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​ប្រជាពលរដ្ឋ បើ​ជិះ​កង់ ម៉ូតូ រថយន្ត​ដឹក កម្មករ ក​ម្មា​រិ​នី​រោងចក្រ និង​ជា​ពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​រៀនសូត្រ​។ អ្វី​ដែល​ប្រឈម​នោះ​គឺ​ពេល​យប់ ជាក់ស្តែង​ល្ងាច​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥​ម្សិលមិញ មាន​អ្នក​ដួល​ម៉ូតូ ប៉ុន្តែ​មិន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​ប្រឡាក់​ភក់ ដោយសារ​តែ​ផ្លូវ​មាន​សភាព​រអិល​ពេក​។ កន្លង​ទៅ​ដោយ​ឃើញ​ផ្លូវ​រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ​ពេក គាត់​ក៏​បាន​ទិញ​ដី​ចំនួន​០២​រថយន្ត​ចាក់​សម្រួល​បំពេញ​ជង្ហុក​ដែរ ស្រួល​បាន​ខ្លះ​។ ប្រជាពលរដ្ឋ អ្នក​ភូមិ​ក៏​បាន​រៃ​អង្គាស​គ្នា​ទិញ​ដី​ចាក់​បំពេញ​ជង្ហុក​មុខ​ផ្ទះ​របស់​ខ្លួនឯង​ផង​ដែរ​។

ជា​ចុង​ក្រោយ​ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ សូម​​សំណូមពរ​ដល់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​ចុះ​ពិនិត្យ ជួសជុល​សម្រួល​ផ្លូវ​នេះ​ផង រង​ការ​ខូចខាត​ខ្លាំង​ណាស់​ ​។

​ទោះបីជាយ៉ាង យើងមិនទាន់មានការឆ្លើយតបពីអាជ្ញាធរមូលដ្ឋាននៅឡើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ