ក្រសួងមហាផ្ទៃ៖ អាជ្ញាធរមានសិទ្ធិប្រើវិធានការរដ្ឋបាលក្នុងបុរី ខុនដូ ឬសណ្ឋាគារ ដើម្បីសន្តិសុខ តែកុំឆ្លៀតពង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារទី១ត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» រាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជ ធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបីជាមានសង្គ្រាមឈ្លានពានពីទាហានថៃក្ដី ។ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តគោលនយោ បាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មានទាំងបទល្មើស លួច ឆក់ ប្លន់ និងល្បែងតាមអនឡាញជាដើម ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានសុំឱ្យមន្ត្រីទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ និងកិច្ចការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពានទឹកដីកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរទទួលបានភាពកក់ក្តៅ ការពារព្រះមហាក្សត្រនិងថ្នាក់ដឹកនាំចំនួន ២០២លើក ប្រកបដោយសុវត្ថិភាពនិងធ្វើឱ្យបទល្មើសថយចុះ ។លោកស្នងការបន្តថា ដើម្បីឆ្លើយតបនឹងបទល្មើសដែលបានកើតឡើង ស្នងការដ្ឋាននគរបាលរាជធានី បង្ក្រាបបទល្មើសបាន ២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន ២៩៩នាក់ ។ បង្ក្រាបក្មេងទំនើងបាន ១០៦ករណី ឃាត់ខ្លួនបានជាង ៣០០នាក់ បង្ក្រាបល្បែងស៊ីសងបាន ១៣២ករណី ឃាត់ខ្លួនបាន ២៣៤នាក់ ។ពាក់ព័ន្ធនឹងការអនុវត្តគោលយោបាយភូមិសង្កាត់ មានសុវត្ថិភាពនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា យើងផ្សព្វផ្សាយគោលនយោបាយនេះបានចំនួន ៦២២លើក ដែលមានអ្នកចូលរួមជាង ៣៦៧ពាន់នាក់ ។
ឯកឧត្ដមរដ្ឋលេខាធិការ ប៊ុន ហុន បានថ្លែងនូវការកោតសរសើរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពបានល្អ ដោយមិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ពិសេសនៅតំបន់ស្មុគស្មាញ ។ ឯកឧត្ដម ប៊ុន ហុន បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររដ្ឋ មានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង តែមន្ត្រីអនុវត្ត សូមកុំធ្វើជាត្រីងៀតឆ្លៀតពង ៕
ចែករំលែកព័តមាននេះ