រាជធានីភ្នំពេញ ៖ យុវតីសិស្សសាលាម្នាក់ ដែលរត់ចេញពីផ្ទះ ហើយត្រូវអាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីនោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកា សហការជាមួយនគរបាលខណ្ឌដូនពេញ រកឃើញហើយ និងបាននាំយកទៅប៉ុស្តិ៍ធ្វើការអប់រំ និងប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកត្រលប់ទៅផ្ទះវិញហើយ នេះបើតាមស្ត្រីជាម្ដាយ បានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពឱ្យដឹងនៅមុននេះបន្តិច ។
យុវតីរូបនោះឈ្មោះ អ.ល.ហ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានចេញពីផ្ទះនៅបុរីស្រីសុវណ្ណា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយមិនឃើញត្រលប់មកផ្ទះវិញ ។
តាមស្ត្រីជាម្ដាយរបស់យុវសិស្ស រូបនោះ បានឲ្យកោះសន្តិភាពដឹងនៅវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា កូនស្រីរបស់គាត់ ត្រូវបាននគរបាលប៉ុស្តិ៍គោករកា សហការជាមួយនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវរកឃើញហើយ នៅវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែកញ្ញា នៅម្តុំវត្តភ្នំ រួចនាំមកស្នាក់ការប៉ុស្តិ៍ ធ្វើការអប់រំ រួចប្រគល់ឲ្យក្រុមគ្រួសារវិញ ។
ស្ត្រីជាម្ដាយ បានឲ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសផ្សព្វផ្សាយព្រមទាំងសារព័ត៌មានកោះសន្តិភាព ដកស្រង់យកមកផ្សាយ ធ្វើឲ្យមិត្តភក្តិកូនស្រីរបស់គាត់ បានឃើញ និងបានទាក់ទងមកក្រុមគ្រួសារ រួចក្រុមគ្រួសារ ក៏បានរាយការណ៍សមត្ថកិច្ច ដើម្បីចុះទៅនាំមកត្រលប់មកផ្ទះវិញ ។
ស្ត្រីជាម្ដាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលខណ្ឌព្រែកព្នៅ និងនគរបាលខណ្ឌដូនពេញ ដែលបានស្វែងកូនស្រីរបស់គាត់ ត្រលប់មកផ្ទះវិញ ព្រមទាំងថ្លែងអំណរគុណដល់សារព័ត៌មានកោះសន្តិភាពផងដែរ ៕
ចែករំលែកព័តមាននេះ