ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៨​ ក​ក្ត​ដា ឆ្នាំ​២០២៦ ខួប​១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដោយ​ការ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​ ពី​សំណាក់​​យោធា​ថៃ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ថ្ងៃ​ទី​២៨ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦ ​គឺជា​ខួប​១​ឆ្នាំ ​នៃ​កិច្ច​ព្រមព្រៀង​ពី​បទ​ឈប់​បាញ់​ នៃ​ជំ​លោះ​ព្រំដែន​ដែល​កងកម្លាំង​យោធា​ថៃ​ បាន​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​បាន​សរសេ​រលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​ពេល​ដែល​ស្នូរ​គ្រាប់កាំភ្លើង​នៅ​តែ​បន្ត​លាន់ឮ​ តាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ចាកចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​បេសកកម្ម​ដ៏​ធ្ងន់ធ្ងរ និង​ប្រកបដោយ​ការ​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត គឺ​ការ​ចរចា​ស្វែងរក​បទ​ឈប់​បាញ់ និង​បញ្ចប់​ការ​បង្ហូរឈាម​រវាង​កម្ពុជា និង​ថៃ ​។

ឯកឧត្តម ​បាន​លើក​ឡើង​ទៀត​ថា ​នៅ​ពេល​នោះ ស្ថានការណ៍​មាន​ភាព​តានតឹង និង​ស្មុគស្មាញ​យ៉ាង​ខ្លាំង​។ ការ​ប្រយុទ្ធ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ការ​ខូចខាត​កាន់តែ​រីក​ធំ ហើយ​ការ​ស្វែងរក​ច្រកចេញ​តាម​ផ្លូវ​ការទូត​ ហាក់ដូចជា​មិន​មាន​ភាព​ប្រាកដប្រជា​។ មុន​ពេល​គណៈប្រតិភូ​ចេញដំណើរ មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​រំពឹង​ថា កិច្ចចរចា​នោះ​ នឹង​អាច​នាំ​មក​នូវ​បទ​ឈប់​បាញ់​ភ្លាម​ៗ​បាន​ឡើយ​។ ​ប៉ុន្តែ​ដោយសារ​ភាព​ឈ្លាសវៃ ទេព​កោសល្យ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដ៏​ប៉ិន​ប្រសប់​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដឹកនាំ​កិច្ចចរចា និង​ការ​ការពារ​យ៉ាង​មុតមាំ​ នូវ​ផលប្រយោជន៍​ជាតិ អធិបតេ​យ្យ​ភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ កិច្ចចរចា​ដ៏​លំបាក​នេះ ​បាន​បង្កើត​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ ។

ក្រោម​ការ​សម្របសម្រួល​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ព្រមទាំង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន កម្ពុជា និង​ថៃ​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដោយ​កំណត់​ឱ្យ​ចូល​ជា​ធរមាន​នៅ​ម៉ោង ០០:០០ នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ ។

កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​សម្រេច​ឡើង​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​វាយប្រហារ​ប្រដាប់​អាវុធ​របស់​ថៃ​មក​លើ​ទឹកដី​កម្ពុជា​។ វា​មិនមែន​គ្រាន់តែ​ជា​ការ​បញ្ឈប់​ស្នូរ​គ្រាប់កាំភ្លើង​នោះ​ទេ ប៉ុន្តែ​ជា​ការ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ការ​កាត់​បន្ថយ​ទុក្ខវេទនា​របស់​ជន​ស៊ី​វិល និង​ការ​បើកផ្លូវ​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​បន្ត​តាម​រយៈ​មធ្យោបាយ​សន្តិវិធី ការទូត និង​ច្បាប់​អន្តរជាតិ​។

បេសកកម្ម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០ ២៥ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​ដែល​ស្រឡាញ់​សន្តិភាព មិន​ចង់​ឃើញ​ការ​បង្ហូរឈាម និង​តែងតែ​ជ្រើសរើស​ការ​ចរចា​ជំនួស​ការ​ប្រឈម​មុខ​ដោយ​អាវុធ​។ ទន្ទឹម​នឹង​នេះ វា​ក៏​បាន​បញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ភាព​ក្លាហាន និង​ចក្ខុវិស័យ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បា​នប​ម្លែ​ង​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់ និង​ស្ទើរតែ​គ្មាន​ក្តី​សង្ឃឹម ឱ្យ​ក្លាយជា​ឱកាស​សម្រាប់​សន្តិភាព​។

ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ដូច្នេះ មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តុ​ចរចា​នោះ​ឡើយ ប៉ុន្តែ​ជា​ថ្ងៃ​ដែល​ឆន្ទៈ​នៃ​សន្តិភាព​បាន​យកឈ្នះ​លើ​ភាសា​អាវុធ ជា​ថ្ងៃ​ដែល​ការទូត​បាន​រួម​ចំ ណែ​ក​សង្គ្រោះ​ជីវិត និង​ជា​ថ្ងៃ​ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ពី​ការ​ខិតខំ​ប្រឹង ប្រែង​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុង​ការ​ការពារ​ជាតិ ប្រជាជន និង​សន្តិភាព​ដោយ​ភាព​ថ្លៃថ្នូរ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​៕