ទីក្រុងបាងកក៖ នៅសល់មិនប៉ុន្មានម៉ោងទៀតទេ សភាថៃនឹងកោះប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ស្រាប់តែស្ថានការណ៍នយោបាយឈានដល់ចំណុចរបត់ថ្មីមួយទៀតបន្ទាប់ពីមេដឹកនាំស្រមោល ឬអ្នកចាំបញ្ជាពីក្រោយវាំងននរបស់គណបក្សភឿថៃ លោកថាក់ស៊ីន ចាកចេញពីប្រទេសបាត់ស្រមោល។ អង្គភាពតាមដានការហោះហើរបានអះអាងថាយន្តហោះដែលលោកថាក់ស៊ីនជិះថាទៅពិនិត្យសុខភាពនៅសិង្ហបុរីនោះ មិនទៅសិង្ហបុរីបែរជាបត់ក្បាលទៅទិសផ្សេង។ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថាលោកថាក់ស៊ីនពិតជាបានចាកចេញផុតពីប្រទេសថៃហើយ។
ការចាកចេញដំណើររបស់លោកថាក់ស៊ីនលើកនេះកើតឡើងចំពេលគណបក្សភឿថៃកំពុងជ្រួលច្របល់ផ្ទៃក្នុងសម្បើមណាស់។ ម៉្យាងទៀត ការចាកចេញដំណើរនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលតុលាការកំពូលចេញសេចក្ដីសម្រេចនៅថ្ងៃអង្គារសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងការភូតកុហកតុលាការថាគាត់មានជំងឺ ហើយគាត់ស្នើសុំនៅក្រៅឃុំ។
រាងក្បាលព្រលប់បន្តិចទៅហើយនៅវេលាម៉ោង៧:១៧នាទីក្បាលព្រលប់ថ្ងៃព្រហស្បតិ៍ លោកថាក់ស៊ីនបានជិះយន្តហោះចេញពីអាកាសយានដ្ឋានដនមឿង។ គាត់អាចចាកចេញទៅក្រៅប្រទេសបានព្រោះតុលាការមិនបានចេញបម្រាមអ្វីទេ។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច។ យន្តហោះដែលមានលេខសម្គាល់ T7GTS មុនដំបូងឃើញហោះសំដៅទៅសិង្ហបុរី។ ប៉ុន្តែមិនយូរប៉ុន្មានក៏បត់ក្បាលទៅម៉ាឡេស៊ីវិញ។ នៅពេលទៅដល់សមុទ្រអាន់ដាម៉ាន់ គេឃើញថាយន្តហោះនោះហោះចាក់កួចុះឡើងៗជាច្រើនជុំ។ បន្ទាប់មក ក៏ហោះទៅភាគខាងលិច។ នេះបើយោងតាមក្រុមអ្នកតាមដានការហោះហើរ។
មេធាវីលោកថាក់ស៊ីនគឺលោកវីនយ៉ាត់ ឆាតមន្ទ្រី (Winyat Chatmontree) ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាលោកមិនបានដឹងថាលោកថាក់ស៊ីនបានចាកចេញពីប្រទេសថៃទេ។ ប៉ុន្តែលោកថាក់ស៊ីនសន្យាថានឹងចូលទៅបង្ហាញខ្លួននៅតុលាការតាមកាលកំណត់នាសប្ដាហ៍ក្រោយ។ អ្នកនាំពាក្យគណបក្សភឿថៃសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេព្រោះកំពុងតែខ្វល់ចិត្តរឿងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រមិនដឹងថាភឿថៃ ឬភូមិចៃថៃជាអ្នកទទួលជ័យជម្នះ។
សម្រាប់ពេលនេះ គេមិនដឹងថាតើលោកថាក់ស៊ីនបាន និងកំពុងធ្វើដំណើរទៅកន្លែងណាទេព្រោះយន្តហោះដែលគាត់ជិះនោះបានបាត់ដានពីប្រព័ន្ធរ៉ាដា។ គេឃើញយន្តហោះរបស់គាត់លើកចុងក្រោយនៅពេលបើកនៅលើផ្ទៃអាកាសនៃមហាសមុទ្រឥណ្ឌា ភាគខាងកើតទីក្រុងឆេនណាយ (Chennai) មានន័យថាសំដៅទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
យន្តហោះម៉ាកបំបាតឌា ក្លូបល ៧៦០០ (Bombardier Global 7500) ដែលគាត់ធ្វើដំណើរនោះអាចហោះបានចម្ងាយជាងមួយម៉ឺនបួនពាន់គីឡូម៉ែត្រឯណោះ។ ដូច្នេះទោះបីលោកថាក់ស៊ីនចង់ហោះទៅមជ្ឈិមបូព៌ា, អឺរ៉ុប ឬទៅទីកន្លែងដទៃទៀតនៅលើភពផែនដីក៏អាចទៅរួចដែរ។ នៅក្នុងករណីដែលយន្តហោះដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដានេះ គេគិតថាអាចលោកថាក់ស៊ីន ឬអាកាសយានិកជាអ្នកបិទប្រព័ន្ធទាក់ទងការហោះហើរដើម្បីកុំឱ្យគេតាមដានដឹងថាគាត់ទៅណា។ ខាងលើ់នេះជាការដកស្រង់ប្រភពពីរ៉យទ័រ (Reuters), ខាវសត់ (Khaosod) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ