រាជធានីភ្នំពេញ ៖ ទារិកាម្នាក់ទៀតហើយ ត្រូវបានជនមិនស្គាល់មុខ និងមិនស្គាល់អត្តសញ្ញាណ ដែលសង្ស័យថា ជាឪពុកម្ដាយ នាំយកទៅប្លុងចោល នៅមុខផ្ទះជួលមួយកន្លែង ហើយត្រូវបាននារីជាបុគ្គលិករដ្ឋបាលរោងចក្រម្នាក់ ដែលជាអ្នកស្នាក់នៅផ្ទះជួលខាងលើនោះប្រទះឃើញ ។
ហេតុការណ៍ខាងលើនោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៧យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជួលលេខ២៩ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ខណៈនោះ អ្នកភូមិជ្រៃកោង បានទៅចោមរោមមើលទារិការូបនោះទាំងយប់ ហើយបានសន្និដ្ឋានថា នាងអាចទើបនឹងកើតបានរយៈពេល៣ ទៅ៤ថ្ងៃប៉ុណ្ណោះ នាងត្រូវបានរុំខ្លួនដោយកន្សែង។ នៅជិតខ្លួនទារិកានេះ ក៏មានម្សៅទឹកដោះគោ១កំប៉ុង ក្បាលបៅ១ ព្រមទាំងខោទឹកនោម និងទឹកសុទ្ធ ចំណុះ១លីត្រកន្លះ ១ដបផងដែរ ដោយដាក់នៅក្នុងថង់យួរពណ៌ផ្កាឈូក១ ។
បើតាមនារីម្នាក់ ឈ្មោះ ហ៊ុម ស្រីឡូត អាយុ២១ឆ្នាំ មុខរបរបុគ្គលិករដ្ឋបាលរោងចក្រ ស្នាក់នៅផ្ទះជួលកើហេតុខាងលើនោះ បាននិយាយថា នៅវេលាម៉ោងខាងលើ ខណៈដែលនាងជិះម៉ូតូត្រលប់មកពីធ្វើការដល់ផ្ទះជួលវិញ បានឃើញថង់យួរពណ៌ផ្កាឈូក ស្ថិតនៅក្បែរថូផ្កាមុខផ្ទះ ។ លុះពេលចូលទៅមើល ស្រាប់តែឃើញទារិកាម្នាក់នេះ ស្ថិតនៅក្បែរនោះដែរ ហើយទារិការនេះ រើបម្រាស់ខ្វើកៗ ប៉ុន្តែអត់យំនោះឡើយ ពេលនោះ នាងក៏បានស្រែកប្រាប់អ្នកជិតខាង បង្កឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងលើកទារិការនោះ ឡើងមកបី រួចជូតសម្អាតខ្លួន និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានបានដឹង ។
ដោយឡែក ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានដឹងថា តើឪពុកម្ដាយ រូបណា ដាច់ចិត្តយកកូនជាទីស្រលាញ់របស់ខ្លួន ទៅចោលបែបនេះទេ ហើយក៏មិនបានដឹងថា យកទៅចោលតាំងពីពេលណានោះដែរ ។ ប៉ុន្តែពួកគាត់មានការសង្ស័យ ទៅលើមនុស្សប្រុសស្រីមិនស្គាល់មុខ និងមិនស្គាល់អត្តសញ្ញាណ ២នាក់ថា ជាឪពុកម្ដាយ ឬក៏សាច់ញាតិទារិកានេះ ហើយជាអ្នកយកនាងទៅប្លុងចោល ។
ប្រជាពលរដ្ឋ បាននិយាយបន្តទៀតថា បានជាពួកគាត់ហ៊ាននិយាយបែបនេះ ក៏ព្រោះតែ នៅមុនពេលមានការភ្ញាក់ផ្អើលប្រមាណ១០នាទី គឺនៅវេលាម៉ោងជាង៦ល្ងាចនោះ ពួកគាត់បានឃើញជនសង្ស័យប្រុសស្រី២នាក់នោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ដឹកគ្នាទៅឈប់នៅមុខផ្ទះខាងលើ។ លុះបន្តិចក្រោយមក ក៏ចាកចេញទៅបាត់ ខណៈនោះ ពួកគាត់មើលមិនច្បាស់ថា ២នាក់នោះ ឈប់ធ្វើអ្វីទេ ព្រោះមិនសូវចាប់អារម្មណ៍ផង ហើយមុខផ្ទះនោះងងឹតផង ដោយម្ចាស់មិនទាន់បានបើកភ្លើងមុខផ្ទះនៅឡើយ ។ ក្រោយពេលឈប់បន្តិច ជន២នាក់នោះ ក៏ចាកចេញទៅបាត់ ហើយបន្ទាប់មកនាង ហ៊ុម ស្រីឡូត ក៏ទៅដល់ ប្រទះឃើញទារិកានៅទីនោះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយពេលកើតហេតុ មន្ត្រីសាលាសង្កាត់ចោមចៅទី២ បានចុះទៅពិនិត្យជាក់ស្ដែង ហើយបានឲ្យស្ត្រីរូបនោះ ជួយមើលថែទារិកានោះបណ្ដោះអាសន្នសិន រង់ចាំការសម្រេច និងចាត់ចែងបន្តពីមន្ត្រី នៃមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាររាជធានីភ្នំពេញ នាថ្ងៃស្អែកទី៥ ខែកញ្ញា ឆ្នាំ២០២៥ ៕









ចែករំលែកព័តមាននេះ