ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​បង្កើត​កំណត់​ត្រា​ថ្មី ឡើង​ដល់ ៤ ៦០០​ដុល្លារ​ក្នុង​១​តម្លឹង

3 ម៉ោង មុន

បរទេស ៖ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​កំណត់​ត្រា​ថ្មី ពោល​លើស​ពី ៣ ៨០០​ដុល្លារ​ក្នុង​១​អោន ឬ​លើស​ពី…

បរទេស ៖ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​កំណត់​ត្រា​ថ្មី ពោល​លើស​ពី ៣ ៨០០​ដុល្លារ​ក្នុង​១​អោន ឬ​លើស​ពី ៤ ៥៧០​ដុល្លារ​ក្នុង​១​តម្លឹង​។ ការ​បង្កើត​កំណត់​ត្រា​ថ្មី​នេះ ជំរុញ​ដោយ​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ការ​រំពឹង​ទុក​កាន់តែ​ខ្ពស់​ដែល​ថា ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

តម្លៃ​មាស​អន្តរជាតិ​បាន​បង្កើត​កំណត់​ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​ពី​មុន ៣ ៨១៩​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៦០១​ដុល្លារ​ក្នុង​១​តម្លឹង នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ មុន​រក្សា​តម្លៃ​មក​នៅ​ត្រឹម ៣ ៨០៩​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៥៨៩​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ២:៤៥​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ០,២% ធៀប​នឹង​រូបិយប័ណ្ណ​ជា​គូប្រជែង​របស់​ខ្លួន​។

លោក Kyle Rodda អ្នកវិភាគ​ពី​គេហទំព័រ Capital.com បាន​លើក​ឡើង​ថា ការ​ចេញផ្សាយ​របាយការណ៍​អតិផរណា​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ផ្តល់​ហេតុផល​ទីផ្សារ​ឱ្យ​ជឿ​ថា ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​របស់ Fed នឹង​កើតឡើង​នៅ​ក្នុង​ខែតុលា និង​ខែធ្នូ ឆ្នាំ​នេះ​។ ជាមួយ​អារម្មណ៍​សុទិដ្ឋិនិយម​ខ្លាំង​បែប​នេះ​ហើយ តម្លៃ​មាស​អន្តរជាតិ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​បង្កើត​កំណត់​ត្រា​ខ្ពស់​មួយទៀត នៅ​ស​ប្តា​ហ៍​នេះ​។

បច្ចុប្បន្ន​វិនិយោគិន​កំពុង​តែ​បង្ហាញ​ការ​រំពឹង​ខ្ពស់​ជាមួយ​ឱកាស​រហូត​ដល់ ៩០% ដែល​ថា ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់ Fed នឹង​កើតឡើង​នៅ​ខែតុលា និង​ការ​រំពឹង​ប្រហែល ៦៥% ថា ការ​កាត់​បន្ថយ​មួយ​ផ្សេង​ទៀត នឹង​កើតឡើង​នៅ​ខែធ្នូ​។ បច្ចុប្បន្ន​វិនិយោគិន​ក៏​កំពុង​តែ​រង់ចាំ​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​ស្តី​ពី​ទីផ្សារ​ការងារ បញ្ជី​ប្រាក់បៀវត្សរ៍​វិស័យ​ឯកជន សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ផលិតកម្ម (ISM manufacturing PMI) និង​របាយការណ៍​ប្រាក់បៀវត្សរ៍​មិនមែន​វិស័យ​កសិកម្ម ដែល​ទាំងនេះ គឺជា​តម្រុយ​តាមដាន​បន្ថែម​លើ​សុខភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​។

បើ​តាម​របាយការណ៍​ពី SPDR Gold Trust ដែល​ជា​មូលនិធិ​ជួញដូរ​មាស​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បាន​បង្ហាញ​ថា ការ​កាន់កាប់​មាស​របស់​ខ្លួន បាន​កើនឡើង ០.៨៩% ដល់​ចំនួន ១ ០០៥,៧២​តោន កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា កើនឡើង​ពី ៩៩៦,៨៥​តោន កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​៕ ប្រភព ៖ Reuters និង goldprice.org

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ