រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង ១៨រូបដែលយោធាថៃចាប់ខ្លួនក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមក នឹងត្រូវភាគីថៃដោះលែងមកវិញឆាប់ៗនេះ ។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ដំណើរការព្រលានយន្តអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសារមានមតិមួយចំនួនបានបើកការវាយប្រហារមកលើកម្ពុជាថា បានដោះដូរដីនៅចំណុចណាមួយជាមួយភាគីថៃ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពដែលនឹងចុះហត្ថលេខានៅពេលខាងមុខក្នុងកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ក្នុងនោះក៏មានចំណុចនៃការដោះលែងទ័ពកម្ពុជាទាំង ១៨រូបនេះផងដែរ ។
យ៉ាងណាក្តី សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ៖ «យើងសង្ឃឹមថា ការដោះលែងគាត់នឹងបានវិលត្រឡប់មកវិញឆាប់ៗខាងមុខនេះ ។ យើងមិនបន្តបោះបង់គាត់ចោលនោះទេ ។ នេះគឺជាការស្តារឡើងវិញ ។ ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យជឿលើរដ្ឋាភិបាល ។ យើងមិនបានបោះបង់សិទ្ធិរបស់យើង ឬមួយបោះបង់ការចរចាបទឈប់បាញ់ ឬសន្តិភាព ក្នុងការដោះដូរដីទេ» ។
សម្តេចបវរធិបតីបានលើកឡើងថា កម្ពុជាមិនចង់បានរបស់គេនោះទេ តែកម្ពុជាត្រូវតែការពារអ្វីដែលជារបស់ខ្លួន ដូចជាអាយុជីវិតប្រជាពលរដ្ឋ ទឹកដី និងទ្រព្យសម្បត្តិ និងរកវិធីដោះស្រាយដោយសន្តិវិធី ។ សម្តេចបវរធិបតីសង្កត់ធ្ងន់ថា ៖ «ដូចខ្ញុំនិយាយអ៉ីចឹង យើងគ្មានចង់បានដីរបស់អ្នកណាទេ ហើយយើងក៏មិនបាត់ដីទៅអ្នកណាដែរ ! ដោះស្រាយជាមួយគ្នា បន្សល់ទុករាប់រយឆ្នាំ សន្ធិសញ្ញាបារាំងសៀមឆ្នាំ ១៩០៧ គឺ ៧០ឆ្នាំមុនខ្ញុំកើត តែពេលនេះខ្ញុំដឹកនាំប្រទេស គឺត្រូវប្រឈមក្នុងការដោះស្រាយដោយផ្អែកសន្ធិសញ្ញាច្បាប់អន្តរជាតិអនុសញ្ញាផ្សេងៗ និងកិច្ចព្រមព្រៀងផ្សេងៗដែលប្រទេសទាំងពីរធ្វើជាង ២០ឆ្នាំមកអ៉ីចឹង» ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ ២០ ខែតុលា ឆ្នាំ ២០២៥ គឺជាថ្ងៃទី ៨៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ។ ជាមួយនឹងការចាប់ខ្លួននេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ៕
ចែករំលែកព័តមាននេះ