រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោជារបស់បរទេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០% ។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន OCIC ៩០ភាគរយរដ្ឋលេខាធិ ការដ្ឋានអាកាសចរណ៍ស៊ីវិល១០ភាគរយដែលតំណាងឱ្យរដ្ឋ ។
សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា «ចឹងមិនមែនដូចការផ្សព្វផ្សាយខ្លះថា ព្រលានយន្តហោះនេះជារបស់បរទេស ប្រទេសនេះ ប្រទេសនោះទេ គឺជារបស់ខ្មែរ១០០ភាគរយ វិនិយោគដោយកូនខ្មែរ ហើយអ្វីដែលជាពិសេសនោះទៀត លោកឧកញ៉ា ពុង ឃាវសែ បានបង្ហាញខ្ញុំចាប់តាំងពីបើកការដ្ឋានរហូតដល់ការកសាង ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់៩០ភាគរយជាកូនខ្មែរ»។
ជាមួយគ្នានោះដែរ សម្ដេចធិបតីបានទាំងជំរុញបន្ថែមឱ្យប្រើប្រាស់ធនធានមនុស្សជាកូន ខ្មែរ១០០ភាគរយតែម្ដង សម្រាប់ជំហានបន្ទាប់ ដែលនេះជាការពង្រឹងសមត្ថភាព ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលបានថ្លែងថា ដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ១៩៥៥ មានលក្ខណៈតូចចង្អៀត ហើយទីតាំងនេះទៀតសោត គឺស្ថិតនៅកណ្តាលរាជធានីភ្នំពេញផងនោះគឺមិនអាចធ្វើការអភិវឌ្ឍ និងពង្រីកបានទេ នោះទើបរាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោឡើងជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើននៃកា រដឹកជញ្ជូន តាមផ្លូវអាកាសសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ។
សូមជម្រាបជូនថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) មានចំនួន ២,៣០០លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយ អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកTIA។
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ជាអាកាសយានដ្ឋានលំដាប់ថ្នាក់4Fបានសាងសង់នៅលើផ្ទៃដីសរុបទំហំ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រ ពីចំណុចកណ្ដាលរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ